ដោយ វុត្ថា
វៀងច័ន្ទ៖ ប្រទេសវៀតណាមកំពុងទិញអគ្គិសនីពីរោងចក្រថាមពល ដែលសាងសង់ដោយវិនិយោគិនឡាវ និងវៀតណាមដើម្បីយកទៅផ្គត់ផ្គង់តម្រូវនៅក្នុងប្រទេសខ្លួន។

អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Daovong Phonekeo បានអោយដឹងកាលពីពេលថ្មីៗនេះថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ប្រទេសវៀតណាមនឹងទិញអគ្គិសនីចំនួន ៣០០០មេហ្កាវ៉ាត់ពីប្រទេសឡាវក្នុងតម្លៃ ៦.៩៥សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។
លោកបន្តថា បរិមាណអគ្គិសនីដែលបានលក់ទៅឱ្យប្រទេសវៀតណាមនឹងកើនឡើងដល់ ៥,០០០មេហ្កាវ៉ាត់ រវាងឆ្នាំ ២០២៦ និង ២០៣០ ដោយតម្លៃនឹង ត្រូវបានកំណត់ឡើងវិញ។
លោក Daovong បន្តថា ប្រទេសឡាវមានសក្តានុពលធំធេងក្នុងការផលិតថាមពលពីរោងចក្រវារីអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ និងខ្យល់សម្រាប់លក់ទៅប្រទេសវៀតណាម និងប្រទេសកម្ពុជា។
បច្ចុប្បន្នប្រទេសឡាវមានរោងចក្រវារីអគ្គិសនីចំនួន៧៨ ដែលមានកម្លាំងដំឡើង ៩.៩៧២មេហ្កាវ៉ាត់កំពុងដំណើរការដែលលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុក។ ជាមួយគ្នានេះក៏មានរោងចក្រថាមពលធ្យូងថ្មគម្រោងជីវម៉ាស ៤ និងរោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៦ ផងដែរ។
អគ្គិសនីគឺជាអ្នករកប្រាក់ចំណូលដ៏សំខាន់មួយរបស់ឡាវជាពិសេសតាមរយៈការលក់ទៅប្រទេសថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។
ទន្ទឹមនឹងនេះដែរតម្រូវការអគ្គិសនីនៅប្រទេសឡាវមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៩ ដោយសារការកើនឡើងនៃចំនួនប្រជាជននិងចំនួនរោងចក្រ។

នៅឆ្នាំ ២០១៩ ការប្រើប្រាស់អគ្គិសនីនៅក្នុងស្រុកមានចំនួន ១,២២២ មេហ្គាវ៉ាត់ហើយក្រសួងថាមពលនិងរ៉ែឡាវបានបញ្ជាក់ថាការប្រើប្រាស់អគ្គិសនីនឹងកើនឡើងដល់ ១.៨០០ មេហ្គាវ៉ាត់នៅចន្លោះឆ្នាំ ២០២០ និង ២០២៥ ៕






