ដោយ ៖ រ៉ាណេត
កូរ៉េ ៖ ធនាគារដ៏ធំ និងល្បីឈ្មោះប្រចាំសាធារណរដ្ឋកូរ៉េ DGB Bank ដែលស្ថិតនៅក្នុងសម្ព័ន្ធ DGB Financial Group របស់កូរ៉េ បានបង្ហាញពីគោលការណ៍នៃរៀបចំទីស្នាក់កណ្តាលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈដែលសាខាដែលកំពុងមានដំណើរនៅកម្ពុជាចំនួន៩សាខារួចទៅហើយនោះ។

តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក លោក ឡុង ឌីម៉ង់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា បច្ចុប្បន្ននោះ បើទោះជាស្ថានភាពប្រឈមទៅនឹងវិបត្តិនៃការរីករាយដាលនៃជំងឺឆ្លងនៅតែអូសបន្លាយ ប៉ុន្តែសម្រាប់កិច្ចទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ នៅតែបន្តដំណើរការវិវត្តន៍ជាបន្តបន្ទាប់គួរជាទីមោទនៈ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ឱ្យដឹងទៀតថា “នៅក្នុងជំនួបពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាងប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូតកម្ពុជា លើការពង្រឹងកិច្ចសហប្រតិបត្តិការយោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា បានពិភាក្សាគ្នាយ៉ាងច្រើន ដែលក្នុងនោះក៏បានផ្តោតសំខាន់ទៅលើគម្រោង និងផែនការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ”។

លោកបានបញ្ចាក់ថា សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត ៩សាខា ជាមួយបុគ្គលិកប្រមាណជាង ៦០០នាក់។
នៅន័យនេះ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសន្យាជួយសហការបង្កលក្ខណៈ និងជម្រុញបន្ថែមអស់ពីលទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនាសម្រាប់ក្រុមហ៊ុនដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ថ្នាក់ប្រធានដឹកនាំប្រតិភូរបស់សម្ព័ន្ធ DGB Financial Group លោក KIM TAE OH បានបញ្ជាក់ថាសម្ព័ន្ធ DGB Financial Group បានសម្រេចផ្ដល់អំណោយជាម៉ាស់ដល់កម្ពុជាដែលកំពុងមានតម្រូវការ តាមរយៈស្ថានទូត ដោយគិតជាទឹកប្រាក់ចំនួន ១០,០០០ដុល្លាអាមេរិក និងការបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យកាន់តែប្រសើរ តបតាមការស្នើរបស់ស្ថានទូតកម្ពុជា។
បន្ថែមពីលើនេះលោកប្រធានក៏បានស្នើដល់ឯកអគ្គរាជទូតកម្ពុជា ដើម្បីជួយសិក្សាណែនាំអំពីទីតាំងដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាលរបស់ធនាគានៅកម្ពុជា ក៏ដូចជាជួយណែនាំធនធានមនុស្សដែលមានសមត្ថភាពក្នុងការទទួលកិច្ចការសំខាន់ៗរបស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ៕






