ធនាគារអភិវឌ្ឍន៍ជនបទបានបញ្ចេញកញ្ចប់ថវិកាប្រមាណ២៣០លានដុល្លារជំរុញវិស័យកសិកម្ម

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ចេញកញ្ចប់ថវិកាសរុបប្រមាណ២៣០លានដុល្លារ សម្រាប់ផ្តល់ទៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអាជីវកម្មខ្នាតតូចនៅក្នុងស្រុក ដែលកំពុងត្រូវការទុនសម្រាប់ពង្រឹងកិច្ចដំណើរការរបស់ខ្លួននៅក្នុងស្ថានភាពដែលកំពុងប្រឈម។

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក កៅ ថាច បានប្រាប់ដឹងថានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា នៅក្នុងទំហំទឹកប្រាក់ដែលបានផ្តល់ជូនទៅអតិថិជនក្នុងនោះមានប្រមាណ៧០ភាគរយ ត្រូវបានផ្តល់ទៅលើផ្នែកស្រូវអង្ករ សហគ្រាសធុនតូច និងមធ្យម អាជីកម្មខ្នាតតូច ដូចជា ការដាំបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងទៅលើវារីវប្បកម្ម ការចិញ្ចឹមត្រី បង្កង ជាដើម។

លោកបន្តថា “កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលបានទម្លាក់ឲ្យធនាគារ៥០លានដុល្លាក្នុងឆ្នាំ២០២០ សម្រាប់ទុកឲ្យប្រជាពលរដ្ឋដែលខ្វះខាតទុនខ្ចីនោះ គឺនៅសល់ត្រឹមតែ ១៥ទៅ២០ភាគរយប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀត សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទទួលបានប្រាក់កម្ចីពីធនាគារត្រូវតែមានរបស់ដាក់ធានាបំណុល ដូចជា ប្លង់ដី និងរបស់មានតម្លៃផ្សេងៗទៀត ហើយបើសិនទាក់ទងស្រូវអង្ករវិញ គឺអាចដាក់ស្តុកស្រូវអង្ករជារបស់ធានាបំណុលបាន”។

លោក កៅ ថាច បានបញ្ជាក់ឱ្យដឹងផងដែរថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការជួយភ្ជាប់រវាងអ្នកផលិតទៅកាន់អ្នកទទួលទិញ។ ទន្ទឹមនេះ ក្នុងករណីពលរដ្ឋមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបានតាមលក្ខខណ្ឌ ធនាគារនឹងជួយទំលាក់ឥណទានឲ្យបានទាន់ពេលវេលា ដើម្បីជួយពន្លឿនដល់ដំណើរការបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ខ្លួនបាន។

ជាមួយគ្នានេះលោកក៏បានស្នើសុំដល់មន្ទីរកសិកម្មខេត្ត បន្តជួយជាបច្ខេកទេសបន្ថែមផងដែរ ដើម្បីជួយដល់កសិករ និងស្នើដល់អាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក សូមជួយផ្សព្វផ្សាយបន្តអំពីកញ្ចប់ហិរញ្ញប្បទានពិសេសនេះ អោយបានជ្រាបដល់ពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោក កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ផ្សេងៗ ដែលបានសួរទៅកាន់លោក និងបានបំភ្លឺជូនដល់ពលរដ្ឋយ៉ាងផុសផុល និងមានភាពស្និតស្នាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here