ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនបានកើនឡើងដល់តម្លៃ១,៧៤៨ លានដុល្លារក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២០ មានការធ្លាក់ចុះប្រមាណ ៨ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
តួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបង្ហាញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២០កន្លងទៅ កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃប្រមាណ១,៣៥៨លានដុល្លារទៅកាន់ទីផ្សារប្រទេសជប៉ុន ធ្លាក់ចុះប្រមាណ៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាបានចំណាយប្រាក់ចំនួន៣៩០លានដុល្លារក្នុងការនាំចូលផលិតផលពីប្រទេសជប៉ុនដើម្បីបំពេញសេចក្ដីត្រូវការទីផ្សារក្នុងស្រុក ដែលមានការធ្លាក់ចុះប្រមាណ១២ ភាគរយផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ផលិតផលសក្តានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនគឺសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ១៣ ភាគរយធៀបទៅនឹងឆ្នាំចាស់ ដែលមានតម្លៃស្មើនឹង ប្រមាណ២,២៩២ លានដុល្លារអាមេរិក៕






