ដោយៈ រ៉ាណេត
រតនៈគីរីៈ កោះសិប្បនិម្មិតថ្មីមួយ ដែលមានទំហំ៥,៣១ហិកតា គ្រោងនឹងបង្កើតឡើងនៅចំកណ្តាលផ្ទៃបឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគីរី ដោយមានការរៀបចំជាតំបន់ធម្មជាតិ ជាទីជម្រកសត្វស្លាប ក្នុងនាមជាផលិតផលថ្មី ក្នុងវិស័យទេសចរណ៍ប្រចាំខេត្ត។ នេះបើតាមការបង្ហើបប្រាប់ពីរដ្ឋបាលខេត្តរតនៈគីរី កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

-->
ស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ និងលើកកម្ពស់សោភ័ណភាពក្រុង ដើម្បីបង្កើនភាពទាក់ទាញលើការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋបាលខេត្តរតនៈគីរី បានបង្ហាញពីគម្រោងរៀបចំ និងស្ថាបនាទីសាធារណៈនានា ជាពិសេសតំបន់គោលដៅ ទេសចរណ៍សំខាន់ៗប្រចាំខេត្ត ដែលក្នុងនោះក៏មានការកសាងកោះសិប្បនិម្មិតលើកដំបូង មិនធ្លាប់មាននៅកណ្តាលផ្ទៃបឹងកន្សែង ធ្វើជាទីជម្រកសម្រាប់បណ្តាសត្វស្លាប បន្ថែមពីលើសំណង់អគារនានាស្ថិតនៅជុំវិញបឹង។
អភិបាលខេត្តរតនៈគីរី លោក ថង សាវុន បានមានប្រសាសន៍ឱ្យដឹងថា “ការកែប្រែមុខមាត់ថ្មីរបស់បឹងកន្សែង នៅក្នុងផែនការនៃប្លង់មេ នឹងមានការសាងសង់អគាររដ្ឋបាល អគារសារមន្ទីរ អគារសាលតាំងពិព័រណ៍ ទីធ្លាចំណតរថយន្ត ផ្លូវសម្រាប់ថ្មើរជើងនៅជុំវិញបឹង សួនច្បារ និងកោះសប្បនិម្មិតជាទីជម្រកសត្វស្លាបនៅកណ្ដាលបឹងផងដែរ” ។
លោកបានបញ្ជាក់ថា បឹងកន្សែងមានផ្ទៃទឹក១៨,៨១ហិកតា ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង និងមានដើមឈើដុះស្អេកស្កះនៅជុំវិញបឹង។ ចំពោះអគាររដ្ឋបាល អគារមហោស្រពគ្របដណ្ដប់ លើផ្ទៃដីមានទំហំ១,១៦ហិកតា និងកោះអណ្តែត៥,៣១ហិតតា។ លោកបន្តថា ក្រោយការសាងសង់ និងរៀបចំរួចរាល់ អ្នកទេសចរអាចជួបជុំគ្នាជាលក្ខណៈគ្រួសារ មិត្តភ័ក្តិ អង្គុយទទួលទានអាហារនៅក្បែរមាត់បឹង អមជាមួយបរិយាកាសដ៏ស្រស់ស្រាយរបស់បឹងកន្សែង។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានបង្ហាញពីក្ដីសាទរចំពោះគម្រោង និងផែនការអភិវឌ្ឍន៍ខាងលើមួយនេះ ដោយលោកស្រីបានមានប្រសាសន៍ថា “តាមរយៈផែនការនេះ វាគឺជាការបង្កើតនូវផលិតផលទេសចរណ៍ថ្មីដែលមិនធ្លាប់មាននៅក្នុងខេត្តមួយនេះ” ។
លោកស្រីបានបញ្ជាក់ថា ខេត្តរតនៈគីរី ត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីឈ្មោះ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ តំបន់ទេសចរណ៍ភាគច្រើននៅមិនទាន់មានការអភិវឌ្ឍ កែច្នៃបន្ថែមនោះទេ។ មិនថាតំបន់ទេសចរណ៍នៅក្នុងខេត្តណានោះទេ។ ប្រសិនបើមានតែរូបភាព និងទិដ្ឋភាពដដែលៗ វានឹងក្លាយជាភាពស៊ាំរបស់ទេសចរ ដែលទៅតែម្ដងឬ២ដងគេណាយចិត្តលែងចង់ទៅទៀត។
លោកស្រីថា “បឹងកន្លែងជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងក្រុង ដែលខេត្តដទៃមិនមាននោះទេ ប៉ុន្តែបច្ចុប្បន្ននេះ ភាពទាក់ទាញគឺនៅមានកម្រិតបំផុត ដោយសារខ្វះការថែរទាំ ខ្វះការរៀបចំសណ្តាប់ធ្នាប់បន្ថែម។ លោកបន្តថា “ប្រសិនបើមានការរៀបចំឱ្យបានល្អ ដូចទៅនឹងអ្វីដែលបានលើកឡើង នៅក្នុងគម្រោងផែនការអភិវឌ្ឍន៍ខាងលើនេះ ខ្ញុំជឿថាភាពទាក់ទាញ នៅក្នុងវិស័យទេសចរណ៍ក្នុងក្រុងបានលុង ក៏ដូចជាខេត្តរតនៈគីរីនឹងមានការចាប់អារម្មណ៍បន្ថែមទៀត” ។
ជាមួយគ្នានេះ លោកស្រីបានស្នឱ្យមានសកម្មភាពនៃការរៀបចំសណ្ដាប់ធ្នាក់ រក្សាអនាម័យ និងការកែច្នៃបង្កើនផលិតផលទេសចរណ៍ថ្មី កើតមានឱ្យបានច្រើនកន្លែងបន្ថែមទៀត៕