សិក្សាលើផែនការរដ្ឋាភិបាល និងចំណុចទាំងនេះសិន បើចង់វិនិយោគលើដីធ្លី ទទួលបានផលចំណេញ

0

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ដើម្បីទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ មិនមែនជាការប្រថុយប្រថាននោះទេ ប៉ុន្តែវាជាការវិនិយោគដោយឈ្លាសវៃ តាមរយៈការទទួលបានព៌តមានច្បាស់លាស់ និងដាក់ចេញផែនការត្រឹមត្រូវ។

ហេតុនេះមុនវិនិយោគលើដីធ្លី  តើអ្នកត្រូវពិនិត្យទៅលើកត្តាអ្វីខ្លះ និងដឹងអ្វីខ្លះពីផែនមការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។

គេហទំព័រPropertyarea.asiaសូមលើកយកចំណុចមួយចំនួន សំរាប់អ្នកអាន អ្នកវិនិយោគយកធ្វើជាមួលដ្ឋានសំរាប់ពិចារណា។

ព៌តមានពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល

        រដ្ឋាភិបាលកម្ពុជាតែងតែដាក់ចេញនូវផែនការ គោលនយោបាយថ្មីៗជារៀងរាល់៥ទៅ១០ឆ្នាំម្តង ដែលជាផែនទីចង្អុលបង្ហាញផ្លូវ ដើម្បីសម្រេចបានកំនើនសេដ្ឋកិច្ច សង្គមតាមចក្ខុវិស័យរបស់ខ្លួន។ ហេតុនេះ ការតាមដានព៌តមានរបស់រដ្ឋាភិបាលឲ្យបានជាប់លាប់ នឹងធ្វើឲ្យយើងមានព៌តមានច្រើនសំរាប់ពិចារណា និងដាក់ចេញផែនការវិនិយោគ ដើម្បីទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍នានា។

ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ឋ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ជាលទ្ឋផលក្រុងចំនូន៣ ដែលបានដាក់ចេញក្នុងគោលនយោបាយនេះ មានការរីកចម្រើនយ៉ាងលឿន ដូចជាក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត។

ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល

        ដើម្បីបង្កើនសន្ទុះសេដ្ឋកិច្ច និងកាត់បន្ថយបញ្ហាសង្គម រដ្ឋាភិបាលបានដាក់ចេញផែនការកសាងហេដ្ឋារចនាសម្ព័ន្ឋជាបន្តបន្ទាប់ ដូចជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ គំរោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី៤ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ព្រលានយន្តហោះខេត្តមណ្ឌលគិរីជាដើម។

ជាមួយនឹងផែនការសកម្មភាពទាំងនេះ ជាក់ស្តែងតំបន់ស្ថិតនៅក្បែរគំរោងធំៗ បា​ន​ធ្វើឲ្យតម្លៃដីធ្លីកើនឡើងយ៉ាងគំហុក ហើយអ្នកទទួលបានផលប្រយោជន៍ផ្ទាល់គឺប្រជាជននៅមូលដ្ឋាន និងអ្នកវិនិយោគដែលក្តាប់ព៌តមានបានលឿន និងជាប់លាប់។

ផែនការអភិវឌ្ឍន៍៍តំបន់ឧស្សាហកម្ម

        ដោយសារការរីកចម្រើននៃនគរូបនីយកម្ម ដែលប្រជាជនមានការកើនឡើងនៅក្នុងទីក្រុង កំនើនការកកស្ទះចរាចរណ៍៍ កំនើននៃការអភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌ​លពាណិជ្ជកម្មនានា បានធ្វើឲ្យរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មី ដោយរុញរោងចក្រ សហគ្រាសនានាចេញពីទីក្រុង ទៅកាន់តំបន់ជាយក្រុង ដូចជាតំបន់រោងចក្រសហ គ្រាសនៅតាមផ្លូវជាតិលេខ២ ម្តុំចក្រអង្រែលើ ចក្រអង្រែក្រោមជាដើម ត្រូវផ្លាស់ប្តូរទៅកាន់ផ្លូវជាតិលេខ៤១ និង៥១ ដែលចាលទ្ឋផលបានធ្វើឲ្យតម្លៃដីធ្លី នៅតំបន់នោះកើនឡើងយ៉ាងគំហុក។

ជាលទ្ឋផលតំបន់នោះ មានការរីកចម្រើនលឿន ជាមួយគម្រោងលំនៅដ្ឋាន បុរី រោងចក្រ សហគ្រាស។

តំបន់ព្រំដែន
ដោយដាក់ចេញគោលនយោបាយ ប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់សម្តេចតេជោហ៊ុន សែនប្រមុខរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យតំបន់ព្រំដែននានាមានការរីកចម្រើនលឿន ដូចជាព្រំដែនបាវិត ព្រំដែនជ្រៃធំ ព្រំដែនកម្ពុជា ថៃប៉ោយប៉ែតជាដើម។

ហេតុនេះការក្តាប់ព៌តមានបានលឿន ឆាប់រហ័ស និងច្បាស់លាស់ នឹងធ្វើឲ្យការអភិវឌ្ឍឬការវិនិយោគរបស់យើងទទួលបានផលប្រយោជន៍។

តំបន់កៀកទីក្រុង

        ដោយសារទីក្រុងមានការរីកចម្រើនលឿន ការរីកចម្រើនផ្នែកនគរូបនីយកម្មទីក្រុង កាន់តែបង្កភាពស្មុគ្រស្មាញ ហេតុនេះរដ្ឋាភិបាលត្រូវតែរៀបចំ ផែនការពង្រីកទីក្រុងរៀងរាល់៥ទៅ១០ឆ្នាំម្តង អាស្រ័យលើស្ថានភាពជាក់ស្តែង។

ហេតុនេះដីធ្លីនៅតំបន់ជាយក្រុង នៅតែមានចរន្តទិញលក់សកម្ម តម្លៃដីធ្លីនៅតែកើនឡើង ដោយសារការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ភាពងាយស្រួលនៃការតភ្ជាប់លំហីរចរាចរណ៍ និងកំនើនប្រជាជនចូលមករស់នៅទីក្រុង កើនឡើងជារៀងរាល់ឆ្នាំ។

តំបន់មានមនុស្សរស់នៅច្រើន

        តាមធម្មតាតម្លៃដីធ្លីមានការកើនឡើងលឿនឬយឺត វាអាស្រ័យលើកត្តាមនុស្ស កត្តាហេដ្ឋារចនាសម្ព័ន្ឋ កត្តាសេដ្ឋកិច្ច ពោលគឺសេដ្ឋកិច្ចមានការកើនឡើង និងស្ថេរភាពនយោ​បាយ។ ហេតុនេះ តម្លៃដីធ្លីនៅតាមតំបន់និមួយៗតែងតែឡើងថ្លៃ ឬស្ថិតនៅទ្រឹងអាស្រ័យ​លើកត្តាទាំងនេះ។

តម្លៃដីធ្លីនឹងមិនកើនឡើងខ្ពស់នោះទេ បើតំបន់នោះគ្មានមនុស្សរស់នៅច្រើន និងគ្មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ល្អប្រសើរ។

អានព៌តមានឲ្យបានច្រើន 

        ដើម្បីក្តាប់ដឹងព៌តមានទាក់ទងនឹងគោលនយោបាយ ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល សេដ្ឋកិច្ចមានស្ថានភាពបែបណា ការអានព៌តមានជាប្រចាំពិតជាមានសារៈសំខាន់ ណាស់ ដើម្បីអាចឲ្យលោក អ្នកបានដឹងព៌តមានច្រើន លំអិត ស៊ីជម្រៅ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសំរាប់ការវិភាគ ពិចារណាគ្រប់ជ្រុងជ្រោយ មុនសម្រេចចិត្តវិនិយោគ និងធ្វើឲ្យការវិនិយោគរបស់ខ្លួនមិនប្រឈមនឹងហានិភ័យខ្ពស់៕

       

LEAVE A REPLY

Please enter your comment!
Please enter your name here