កិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងលោក ដែលផ្តួចផ្តើមដោយមហាយក្សចិននឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២១

0

ដោយ ៖ សុខុម

ប្រទេសចិន ៖ យោងតាមសារព័ត៌មាន CGTN ចុះផ្សាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា ប្រទេសចំនួន១៥ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership) ឬហៅកាត់ RCEP រួចទៅហើយ ហើយដំណាក់កាលបន្ទាប់គឺការផ្ដល់សច្ចាប័នដែលនឹងត្រូវការប្រទេសជាសមាជិកអាស៊ានយ៉ាងតិចចំនួន៦ និងប្រទេសមិនមែនជាសមាជិកអាស៊ានចំនួន៣។

ទោះជាយ៉ាងណា វានៅតែតម្រូវឱ្យប្រទេសទាំង១៥ ឯកភាពគ្នាជាឯកច្ឆ័ន្ទចុងក្រោយលើនីតិវិធីនេះ។ កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅខែកក្កដា ឆ្នាំ២០២១ បើឆាប់បំផុត មុនពេលមានប្រសិទ្ធភាពអនុវត្តន៍ត្រឹមដំណាច់ឆ្នាំ២០២១។ នេះជាការព្យាករបែបសុទិដ្ឋិនិយមរបស់លោក ចាង សាវកាង (Zhang Shaogang) អនុប្រធានក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (China Council for the Promotion of International Trade) ឬហៅកាត់ CCPIT ដែលជាស្ថាប័នលើកកម្ពស់ពាណិជ្ជកម្មធំបំផុតក្នុងប្រទេសចិន។

ស្ថាប័ននេះលើកកម្ពស់ពាណិជ្ជកម្មសេរីសម្រាប់អាជីវកម្មក្នុងស្រុក ហើយព្យាយាមបញ្ចុះបញ្ចូលឱ្យបណ្ដារដ្ឋាភិបាលបរទេសចូលរួមជាមួយខ្លួន។ ប៉ុន្តែស្ថាប័ននេះក៏ដើរតួនាទីជាអ្នកចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free Trade Area) ហៅកាត់ FTA សម្រាប់បម្រើផលប្រយោជន៍ទាំងសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មផងដែរ។

លោក ចាង គឺជាសមាសភាពមួយរូបក្នុងក្រុមតំណាងចិន ដែលបានចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (China-ASEAN FTA) ហើយពេលនេះកំពុងចរចាកិច្ចព្រមព្រៀង RCEP។ លោកបញ្ជាក់ថា លោកបានជួបជាមួយមិត្តៗអ្នកចរចាពាណិជ្ជកម្មមកពីបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកជាង១០ លើករួចមកហើយក្នុងរយៈពេលមួយឆ្នាំមកនេះ។

អ្នកនាង ធាន វួយ (Tian Wei) ពិធីការិនីប្រចាំបណ្ដាញស្ថានីយទូរទស្សន៍ (China Global Television Network) ហៅកាត់ CGTN បានជជីកសួរលោក ចាង ដើម្បីចង់ដឹងឱ្យកាន់តែច្បាស់ថា តើកិច្ចព្រមព្រៀង RCEP អាចជំរុញពាណិជ្ជកម្មសេរីទូទាំងសកលលោកដោយវិធីណា។

ជាការឆ្លើយតប លោក ចាង បានពន្យល់ថា កិច្ចព្រមព្រៀង RCEP ប្រសូត្រចេញពីការប្រឹងប្រែងបង្កើតកិច្ចព្រមព្រៀងតូចៗក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ លោកបន្តថា “តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ជាកិច្ចព្រមព្រៀងដំបូងបែបនេះសម្រាប់ប្រទេសចិន។ ការចរចាបានចាប់ផ្តើមក្នុងឆ្នាំ២០០២ ហើយទទួលបានជោគជ័យក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីក្នុងឆ្នាំ២០១០”។

តំបន់ពាណិជ្ជកម្មសេរីនេះបានជំរុញឱ្យពាណិជ្ជកម្មផ្នែកមុខទំនិញរវាងប្រទេសចិន និងអាស៊ី
អាគ្នេយ៍កើនឡើង៤ដង ហើយពាណិជ្ជកម្មផ្នែកសេវាកម្មកើនឡើង១,៥ដង ចាប់តាំងពីមានប្រសិទ្ធភាពអនុវត្តន៍មក។ ទោះជាយ៉ាងណា តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន មិនមែនត្រឹមតែជាតំបន់ពាណិជ្ជកម្មសេរីដែលមាននៅក្នុងតំបន់ឡើយ ពោលគឺចិនថែមទាំងមានតំបន់ពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង និងនូវែសេឡង់ទៀតផង។ លោក ចាង គូសបញ្ជាក់ថា “កិច្ចព្រមព្រៀង RCEP នឹងនាំទម្លាក់ការយកពន្ធ ៩០% ឱ្យមកដល់ ០% នៅពេលកិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពអនុវត្តន៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here