ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបង្ហាញ ពីគម្រោងសាងសង់ផ្លូវដែកថ្មីចំនួនខ្សែទៀត សម្រាប់តភ្ជាប់ពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ចូលមកកាន់រាជធានីភ្នំពេញដើម្បីសម្រួលការដឹកជញ្ជូន បញ្ចៀសការកកស្ទះចរាចរណ៍។
ប្រធាននាយកដ្ឋានព័ត៌មាវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា គម្រោងសាងសង់ផ្លូវដែកតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ ត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនស៊ុន ចាន់ថុលកាលពីពេលកន្លងទៅ។
លោកបន្តថា “គម្រោងនេះ គឺជាទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំ ដើម្បីចូលរួមចំណែកកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍”។ លោកបន្តថា “មកទល់ពេលនេះគម្រោងនេះ មិនទាន់ត្រូវបានសិក្សាលម្អិតនៅឡើយនោះទេ។ ក្រសួងក៏ដូចរាជរដ្ឋាភិបាល កំពុងសម្លឹងរកដៃគូដើម្បីចូលរួមសិក្សាលម្អិត និងអនុវត្តគម្រោងនេះ”។
ពាក់ព័ន្ធទៅនឹងការលើកឡើង ពីគម្រោងនៃការសាងសង់ផ្លូវដែក តភ្ជាប់ពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ ដូចដែលបានលើកឡើងខាងលើនេះ សាធារណជនមួយចំនួនបានបង្ហាញពីក្ដីបារម្ភ និងលើកជាសំណូមពរថា ប្រសិនបើគម្រោងសាងសង់ផ្លូវដែកនេះ ត្រូវបានអនុវត្តគួរណាស់កុំប្រើផ្លូវដែកបែបបុរាណ ដែលអាចបង្កជាគ្រោះថ្នាក់ និងគ្មានសុវត្ថិភាព ផាសុកភាពនោះទេ ដែលជាបទពិសោធន៍ផ្លូវដែកតភ្ជាប់ពីព្រលានយន្តហោះពោធិ៍ចិនតុង មកកាន់រាជធានីភ្នំពេញ ដែលទើបត្រូវបានរុះរើចេញវិញកាលពីពេលកន្លងទៅថ្មីៗនេះ ដែលក្រៅពីមិនអាចសម្រួលការដឹកជញ្ជូន ការធ្វើដំណើរ ថែមទាំងខាតបង់ថវិការរបស់រដ្ឋថែមទៀត៕






