កំពង់ផែក្រុងព្រះសីហនុនឹងប្រើប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកដែលអាចទទួលការចូលចតនាវាធំៗបាន

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ កំពង់ផែក្រុងព្រះសីហនុ គ្រោងនឹងប្រើប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកថ្មី (Port EDI) ដែលអាចជួយសម្រួលដល់នីតិវិធីចេញ ចូលរបស់នាវាធំៗផ្ទុកទំនិញធុនធ្ងន់រហូតដល់ប្រមាណ៦ម៉ឺនតោន ស្មើនឹងប្រមាណ៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន លោករស់ វណ្ណា បានមានប្រ សាសន៍ឲ្យដឹង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា Port EDI ក្នុងការជួយសម្រួលដល់នីតិវិធីចេញ- ចូលកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជាផងដែរ។

លោកបញ្ជាក់ថា “គម្រោងPort EDIដែលជួយឱ្យការធ្វើជំនួញ តាមផ្លូវទឹកមានប្រសិទ្ធភាព និងតម្លាភាពកាន់តែខ្ពស់នេះ គឺជាគម្រោងជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ ក្រៅពីនេះ ក៏មានការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសផងដែរ”។

ជាមួយនឹងគម្រោងនៃការអនុវត្ត ការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកថ្មី (Port EDI)  កម្ពុជាក៏គ្រោងនឹងពង្រីកសមត្ថភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាដឹកកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោនឬស្មើនឹង៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលនឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមា ណកុងតឺន័រឆ្លងកាត់លើសពី១លានTEUsក្នុងមួយឆ្នាំ។

ដោយឡែកសម្រាប់តម្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជា នឹងកាន់តែចុះទាបប្រហា​ក់ប្រហែល នឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង ដោយកន្លែងចំណតកំពង់ផែ ជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ ក្នុងការដោះដូរទំនិញ ផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here