អូស្ត្រាលីនឹងប្ដឹងចិនទៅអង្គការពាណិជ្ជកម្មពិភពលោករឿងយកពន្ធខ្ពស់កប់ពពក លើស្រូវបាឡេរបស់ខ្លួន

0

ដោយៈសុខុម

កង់បេរ៉ា: ប្រទេសអូស្ត្រាលីបានប្រកាសគួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ធ្នូនេះថា ខ្លួននឹងប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យបើកការស៊ើបអង្កេតរឿងប្រទេ​សចិន យកពន្ធខ្ពស់កប់ពពកលើការនាំចូលស្រូវបាឡេ (Barley) ដែលបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។

លោក Simon Birmingham រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ជាអ្នកប្រកាសសេចក្ដីសម្រេចចិត្តនេះ ដោយលើកឡើងថា ការយកពន្ធ៨០% ដោយរដ្ឋាភិបាលក្រុងប៉េកាំង លើការនាំចូលស្រូវបាឡេពីប្រទេសអូស្ត្រាលី ជាចំណាត់ការ “ខ្វះមូលដ្ឋាន” ហើយ “គ្មានអង្គហេតុ និងភ័ស្តុតាង”។

លោកបានបន្ថែមថា “អូស្រ្តាលីអាចនឹងមានវិធានការស្រដៀងគ្នាដែរ នៅក្នុងវិស័យផ្សេងទៀត”។

ទំនាក់ទំនងរវាងប្រទេសអូស្រ្តាលី និងប្រទេសចិន បានធ្លាក់ដល់កម្រិតទាបបំផុត ចាប់តាំងពីមានព្រឹត្តិការណ៍បង្ក្រាប នៅទីលានធានអានមិន (Tiananmen Square) ក្នុងឆ្នាំ១៩៨៩ ដោយរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាបន្តបន្ទាប់មកលើផលិតផលរបស់អូស្ត្រាលី។

រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី បានគូសបញ្ជាក់ថា “យើងមានជំនឿចិត្តយ៉ាងមុតមាំដែលផ្អែកលើភ័ស្តុតាង ទិន្នន័យ និងការវិភាគ ដែលយើងបានប្រមូលចងក្រងថា ប្រទេសអូស្ត្រាលី ជាករណីដ៏ច្បាស់ក្រឡែតមួយដែលស្ទើរមិនគួរឱ្យជឿ”។

ការនាំចេញស្រូវបាឡេរបស់អូស្រ្តាលី ទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ប្រមា​ណ១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ មុនពេលជួបគ្រោះរាំងស្ងួតកាលពីពេលថ្មីៗនេះ ហើយភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីផលិតស្រាបៀរ។

ក្រុមអ្នកជំនាញនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង បានពិចារណារឹតបន្តឹងការនាំចូលស្រូវបាឡេរបស់អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០១៨ ស្របពេលមានការព្រួយបារម្ភថា ប្រទេសចិន ពឹងផ្អែកលើការនាំចូលខ្លាំងពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here