ការនាំចូលទំនិញរបស់អាមេរិកពីចិននៅតែកើនឡើង ទោះមានពន្ធខ្ពស់និងវិបត្តិកូវីដ១៩ក៏ដោយ

0

ដោយ៖ វុទ្ធី

អន្តរជាតិ៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃពុធថា ទោះបីជាការដាក់ពន្ធរបស់រដ្ឋបាល Trump លើទំនិញចិន និងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏ការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន កំពុងកើនឡើង ខណៈឆ្នាំ២០២០ ខិតជិតនឹងបញ្ចប់។

បើតាមរបាយការណ៍ បានឱ្យដឹងថា ការកើនឡើងនៃការនាំចូលមានផលិតផលជាច្រើន ដោយជនជាតិអាមេរិកអាចចំណាយលើការកំសាន្ត ភាពយន្ត អាហារ របស់របរប្រើប្រាស់ក្នុងផ្ទះ ដូចជាភ្លើងសម្រាប់ការិយាល័យ និងផ្ទះ ឧបករណ៍ហាត់ប្រាណ និងប្រដាប់ប្រដាក្មេងលេង ដើម្បីឱ្យកូនៗលេងកំសាន្តនៅផ្ទះ។

ទិន្នន័យពាណិជ្ជកម្មក្នុងរយៈពេល ១០ខែដំបូង ឆ្នាំនេះ ដែលត្រូវបានប្រមូលពីទិន្នន័យគយសហរដ្ឋអាមេរិកដោយក្រុមហ៊ុន IHS Markit បង្ហាញថា ការនាំចូលមានដូចជាគ្រឿងអេឡិចត្រូនិក ម៉ាស និងឧបករណ៍ការពារផ្ទាល់ខ្លួនដទៃទៀតពីប្រទេសចិន ដែលមានសន្ទុះខ្លាំង នៅពេលមានការរីករាលខ្លាំង។
នៅក្នុងខែវិច្ឆិកា ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៤៦,១ ភាគរយ ក្នុងទំហំទឹកប្រាក់ ៥១,៩៨ ពាន់លានដុល្លារអាមេរិក។
ការកើនឡើងនៃការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន ផ្ទុយពីការរំពឹងទុករបស់អ្នកនយោបាយអាមេរិកនៃគណបក្សទាំងពីរ ដែលកាលពីដើមឆ្នាំនេះ បានព្យាករណ៍ថា ជំងឺរាតត្បាតនឹងក្លាយជាពេលវេលាសម្រាប់ការកាត់បន្ថយពាណិជ្ជកម្មជាមួយប្រទេសចិន ហើយទីបំផុតនឹងនាំរោងចក្រត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។
របាយការណ៍បានរកឃើញថា “មានសញ្ញាតិចតួចណាស់ ដែលសង្វាក់ផ្គត់ផ្គង់សកល នឹងវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ” ទោះបីជារដ្ឋបាលរបស់លោក Trump ដាក់ពន្ធលើការនាំចូលរបស់ចិន ដែលមានតម្លៃជាង ៣៦០ពាន់លានដុល្លារក៏ដោយ។ ផ្ទុយទៅវិញផលប៉ះពាល់ ដែលបានអូសបន្លាយពេលនៃជំងឺរាតត្បាតលើសហរដ្ឋអាមេរិក ហាក់ដូចជាបានផ្ដល់ផលវិជ្ជមានឱ្យចិនទៅវិញ។

សារព័ត៌មាន The New York Times បានដកស្រង់សម្តី Mary E. Lovely សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិថា “សរុបមកវិញ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងផលិតផលរបស់ដែលជនជាតិអាមេរិកចង់បាន កំឡុងពេលមានរោគរាតត្បាត មានផលប៉ះពាល់លើគោលនយោបាយពន្ធគយរបស់លោក Trump៕

LEAVE A REPLY

Please enter your comment!
Please enter your name here