ដោយ ៖ រ៉ាណេត
ពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់បានសម្រេចធ្វើការអភិវឌ្ឍ និងសាងសង់សំណង់រដ្ឋបាលប្រមូលផ្តុំគំរូនៅលើផ្ទៃដីសរុបទំហំប្រមាណ៧០ហិកតា ដើម្បីឱ្យមានសោភ័ណភាពប្រចាំតំបន់ និងសម្រាប់ជាទីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ថា គម្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំរបស់ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ នឹងក្លាយជារដ្ឋបាលគំរូដ៏ល្អមួយ ដែលមានភាពទាក់ទាញ និងស្រស់ស្អាត ស័ក្ដិសមជាទីកន្លែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកបានបន្តថា សំណង់អគាររដ្ឋបាលប្រមូលផ្តុំនេះនឹងបម្រើសេវានៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ លើផ្ទៃដីបម្រុងទុករបស់រដ្ឋប្រមាណជាង៧០ហិកតា ក្នុងភូមិសាស្ត្រឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកតាលោសែនជ័យ និងសាលាស្រុកភ្នំក្រវាញនេះឡើង គឺជាគំរូមួយដ៏ល្អ សម្រាប់បណ្តាស្រុកដទៃទៀត ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលាក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាព ចំណុះឱ្យរដ្ឋបាលស្រុកផងដែរ។
ទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ ដែលត្រូវសាងសង់នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង៧០ហិកតា រួមមានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ក្នុងនោះមានអគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន សម្រាប់ច្រតព្រះនង្គ័ល មានកន្លែងប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ សម្រាប់កម្រិតនៃការអុំទូកថ្នាក់ខេត្ត ៕






