តើផ្នែកអ្វីខ្លះនៃអចលនទ្រព្យនឹងបន្តប្រឈមបញ្ហានៅឆ្នាំ២០២១ខាងមុខ?

0

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងស្វាគមន៍ឆ្នាំ២០២១ទាំងអស់គ្នា ដែលគ្រប់គ្នាសង្ឃឹមថាអ្វីៗនឹងមានភាពល្អប្រសើរឡើង ខណៈឆ្នាំ២០២០បានធ្វើឲ្យមនុស្សទូទាំងពិភពលោករងការឈឺចាប់ បាត់បង់ញាតិមិត្ត ដែលមិនអាចវិលត្រលប់មកវិញ។

ប៉ុន្តែឆ្នាំ២០២១ បញ្ហាប្រឈមនៅតែកើតមានដដែល ទោះបីសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក៏ដោយ ក៏ផ្នែកខ្លះនៃវិស័យអចលនទ្រព្យនៅតែប្រឈមបញ្ហានៅឡើយ។

ផ្សារទំនើបតូចៗ

        ដោយសារការប្រកួតប្រជែងខ្លាំង ទីផ្សារលក់រាយនៅតែបន្តប្រឈម ព្រោះកំនើនផ្សារសហគមន៍កើនឡើង ដែលនឹងធ្វើឲ្យផ្សារទំនើបតូចៗ ដែលគ្មានស្តង់ដាច្បាស់លាស់ នៅតែប្រឈមមុខនឹងបញ្ហា ក្នុងការទាក់ទាញអតិថិជន ខណៈរបាយការណ៍បានបង្ហាញថា ផ្សារទំនើបតូចៗប្រមាណ២០នឹងបើកដំណើរការនៅឆ្នាំ២០២១ខាងមុខនេះ។

ជាមួយនឹងកំនើនផ្សារទំនើប បានធ្វើឲ្យការប្រកួតប្រជែង ក្នុងទីផ្សារកាន់តែមានច្រើន បើទោះបីកំលាំងទិញកើនឡើងក៏ដោយ ប៉ុន្តែការរៀបចំស្តង់ដាតម្លៃ សេវាកម្ម និងការឌីសាញមិនសូវមានភាពទាក់ទាញ បានធ្វើឲ្យផ្នែកនេះនៅតែបន្តបញ្ហាប្រឈមសំរាប់ទីផ្សារនាពេលអនាគត។

ដីឡូត៍

        អ្នកជំនាញជាច្រើនបានទទួលស្គាល់ថា ទីផ្សារដីឡូត៍នឹងចាប់ផ្តើមប្រឈមមុខ នឹងកំនើននៃការលក់យឺត ដោយសារគំរោងបុរី លំនៅដ្ឋានកាន់តែច្រើនបាននិងកំពុងកើនឡើងនៅតំបន់ជាយក្រុង ដែលធ្វើឲ្យការលក់ដីឡូត៍តូចៗកាន់តែជួបការលំបាក ដោយសា​រការយល់ដឹងរបស់ប្រជាពលរដ្ឋប្រសើរជាងមុន ពិសេសលក្ខខ័ណ្ឌបង់ប្រាក់​ពីគំរោងលំនៅដ្ឋាន និងបុរីនានាមានភាពងាយស្រួល។

ប៉ុន្តែយ៉ាងណាដីឡូត៍បែបរីសត នឹងបន្តមានសញ្ញាល្អប្រសើរ ដោយសារប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរ ដែលពួកគេស្វែងរកកន្លែងលំហែរនៅតាមបណ្តាខេត្តកាន់តែច្រើន។

អាផាតម៉ិន

        ការជួលអាផាតម៉ិនបាន និងកំពុងដាំក្បាលចុះនៅឆ្នាំ២០២១នេះ និងបន្តអូសបន្លា​យដល់ឆ្នាំ២០២១ ដោយសារការកើនឡើងនូវការផ្គត់ផ្គង់អាផាតម៉ិន នៅតាមតំបន់នានានៃទីក្រុងភ្នំពេញ ដោយសារការមកដល់ នៃអ្នកវិនិយោគអន្តរជាតិមិនទាន់ខ្លាំង និងការប្រ​កួតប្រជែងបន្តកើនឡើងខ្ពស់។

អាផាតម៉ិន ក៏ប្រឈមមុខនឹងការប្រកួតប្រជែងពីខុនដូ ដែលកំពុងកើនឡើងយ៉ាងគំហុកនៅទីក្រុងភ្នំពេញផងដែរ ព្រោះអ្នកវិនិយោគខុនដូមួយចំនួនបានទិញទុកសំរាប់ជួលជាជាងទិញសំរាប់រស់នៅ។

ការិយាល័យ

        ទំហំការិយាល័យសរុបនៅទីក្រុងភ្នំពេញ បាននិងកំពុងកើនឡើងដល់ប្រមាណ៤៥ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីផ្សារដែលទើបនឹងមានភាពរីកចម្រើននេះ ប៉ុន្តែកំនើននៃការផ្គត់ផ្គង់បាននិងកំពុងធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពប្រកួតប្រជែង ខណៈលំហហូរវិនិយោគិនអន្តរជាតិ មិនត្រូវបានគេមើលឃើញថាកើនឡើងគំហុកខ្លាំង នៅឆ្នាំ២០២១នោះទេ។

ប៉ុន្តែអាគារការិយាល័យកម្រិតB, និងកម្រិតC ជាប្រភេទការិយាល័យនឹងងើបឡើងលឿនជាងគេ ហើយការិយាល័យបែបសហកម្មសិទ្ឋ នឹងមានសញ្ញាល្អប្រសើរផងដែរ។

សណ្ឋាគារ

        ឆ្នាំ២០២១ នៅតែជាឆ្នាំមិនទាន់មានសញ្ញាល្អខ្លាំង សំរាប់វិស័យទេសចរណ៍នៅឡើយទេ ហេតុនេះវិស័យបដិសណ្ឋារកិច្ចនៅតែបន្តរងផលប៉ះពាល់នៅឡើយ ស្របពេល​ដែលសណ្ឋាគារភាគច្រើននៅក្រុងសៀមរាបបិទទ្វារ។

សណ្ឋាគារតូចៗ ដែលគ្មានស្តង់ដាច្បាស់លាស់ អាចបន្តប្រឈមមុខនឹងផលវិបាក​រយៈពេលយូរ ខណៈដែលសណ្ឋាគារធំៗក៏ប្រឈមមុខនឹងបញ្ហាផងដែរ ដោយសារថ្លៃ​ប្រតិបត្តិការខ្ពស់ ខណៈកំនើនភ្ញៀវទេសចរណ៍ត្រូវរំពឹងថា នឹងកើនឡើងយឺតនាឆ្នាំខាងមុខនេះ។

ប៉ុន្តែអ្នកជំនាញជាច្រើនបានអះអាងថា នៅត្រីមាសទី២ឆ្នាំ២០២១ អ្វីៗនឹងមានភាពល្អប្រសើរឡើងវិញ ដោយសារវ៉ាក់សាំងបង្ការជំងឺកូវីដ នឹងត្រូវចែកចាយនៅទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here