ប្រជែងឥទ្ឋិពលចិន សហរដ្ឋអាមេរិកលូកដៃកាន់តែជ្រៅចូលមកតំបន់ទន្លេមេគង្គ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញ បានផ្តើមកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដោយសហការជាមួយមជ្ឈមណ្ឌល Stimson Center និង Eyes on Earth។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

កម្មវិធីថ្មីតាមដានទំនប់វារីអគ្គិសនី លើទន្លេមេគង្គគឺជាជំហ៊ានសំខាន់មួយ សម្រាប់បង្កើនការយល់ពីស្ថានភាពទឹក នៅក្នុងតំបន់អាងទន្លេមេគង្គ។ ប្រទេសទាំងឡាយមិនអាចគ្រប់គ្រងបានល្អឡើយ លើអ្វីដែលគេមិនអាចធ្វើការវាស់ស្ទង់បាន ហើយអស់រយៈពេលជាយូរមកហើយ ដែលប្រជាជននៅតំបន់ទន្លេមេគង្គ ខ្វះការក្តាប់បានលើធនធានទឹកនៃអាងទន្លេនេះ។

កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ នឹងប្រើការស្វែងយល់ពីចម្ងាយ ពីប្រភពបើកចំហ រូបភាពតាមផ្កាយរណប និងការវិភាគតាមប្រព័ន្ធព័ត៌មានស្តីពី ភូមិសាស្រ្ត ដើម្បីផ្តល់ព័ត៌មានទាន់ពេល ស្តីពីលក្ខណៈអាកាសធាតុ លំហូរនៃទឹកទន្លេ និងស្ថានភាពនៃអាងទឹកទន្លេមេគង្គ។

មធ្យោបាយនេះ ដែលអាចមានសម្រាប់សាធារណៈ នឹងបង្កើនទិន្នន័យទឹកបានយ៉ាងច្រើនសម្រាប់តំបន់នេះ ដោយធ្វើឲ្យប្រជាជនដែលត្រូវការខ្លាំង ទទួលបានព័ត៌មានទាំងនេះ  ដើម្បីឲ្យគេអាចធ្វើការសម្រេចចិត្តបានល្អ ដែលមានផលទៅលើមុខរបរប្រកបជីវភាពរស់នៅ និងសន្តិសុខតំបន់។

ជាយូរមកហើយដែលសហរដ្ឋអាមេរិក បានគាំទ្រការអំពាវនាវរបស់សហគមន៍ នៅក្នុងតំបន់ទន្លេមេគង្គ ដែលចង់បានទិន្នន័យទឹកឲ្យបានច្រើន។ សហរដ្ឋអាមេរិក នឹងបន្តធ្វើជាដៃគូជាមួយគណកម្មការទន្លេមេគង្គ រដ្ឋាភិបាលនានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹ​ងសមត្ថភាពរបស់គេ ក្នុងការទទួលបាន និងប្រើប្រាស់ទិន្នន័យល្អៗសម្រាប់ជួយដល់ការសម្រេចចិត្តធំៗផ្អែកលើវិទ្យាសាស្រ្ត។

តាមរយៈកម្មវិធីភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ក្រសួងការបរទេសអាមេរិកនឹងបន្តលើកកម្ពស់សន្តិសុខទឹកថែមទៀត។

កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ចូលរួមចំណែកដល់គំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត នៅក្រោមគំនិតផ្តួចផ្តើមស្តីពីទិន្នន័យនៃទឹកទន្លេមេគង្គ ដោយសម្របសម្រួលការផ្លាស់ប្តូរគ្នា នូវការប្រតិបត្តិល្អៗ ជំរុញការសម្របសម្រួលគ្នានៃដៃគូអភិវឌ្ឍន៍ និងពង្រឹងវិបុលភាពរបស់សហគមន៍ និងរដ្ឋាភិបាល នៅតំបន់ទន្លេមេគង្គ តាមរយៈការមានធនធានទឹកដែលត្រូវបានគ្រប់គ្រង និងចែករំលែកប្រកបដោយនិរន្តភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here