ដោយៈ រ៉ា ណេត
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដា បានប្រមូលប្រាក់ចំណូលបានជិត២,៧ពាន់លានដុល្លារគិតត្រឹមពាក់កណ្តាលខែធ្នូឆ្នាំនេះ ដែលស្មើនឹងប្រមាណ៩៤ភាគរយ នៃផែនការឆ្នាំ២០២០នេះ បើទោះជារដ្ឋាភិបាលបានកាត់បន្ថយ និងលើកលែងការយកពន្ធអាជីវកម្មមួយចំនួនក៏ដោយ។

លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំតាមប្រព័ន្ឋអនឡាញនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ទោះស្ថិតនៅក្នុងស្ថានភាពវិបត្តិក្ដី ចំណូលពន្ធ នៅតែទទួលបានផលវិជ្ជមានដូច្នេះ គឺដោយសារតែកំសួលពីឆ្នាំ២០១៩កន្លងទៅ។ អាជីវករដែលរកស៊ីចំណេញនៅឆ្នាំ២០១៩ ហើយត្រូវបានដាក់ប្រកាសពន្ធ នៅឆ្នាំ២០២០ ដូច្នេះចំណូលឆ្នាំ២០២០ឃើញថានៅល្អ។
លោកបន្តថា ច្បាប់ស្ដីពីថវិកាឆ្នាំ ២០២០ ដែលត្រូវបានរដ្ឋាភិបាលអនុម័តតាំងពីមុនកូវីដ១៩ សម្រាប់ពន្ធដារគឺ ប្រមាណ២៨៥០លានដុល្លារអាមេរិក តែដោយសារតែកូវីដ១៩ ចំណូលសម្រាប់ពន្ធដារឆ្នាំ២០២០នេះ អាចនឹងជិតគ្រប់ផែនការ តែវាប្រហែលជាមិនលើសផែនការដូចឆ្នាំមុនៗនោះទេ។
គង់ វិបុលបានថ្លែងទៀតថា ដោយឡែកសម្រាប់ច្បាប់ថវិកាឆ្នាំ២០២១ តាមផែនការពន្ធដារត្រូវរកឱ្យបានប្រមាណ៧៨ភាគរយ នៃថវិកាឆ្នាំ ២០២០ ព្រោះថាឥទ្ធិពលនៃវិបត្តិគឺព្យាករណ៍ នឹងជះផលអាក្រក់៣ឆ្នាំយ៉ាងតិចទើបប្រសើរឡើងវិញ៕






