ដោយ លក្ខិណា
ភ្នំពេញៈ ការសិក្សាថ្មីមួយរបស់ធនាគារពិភពលោក (WB) បានឱ្យដឹងថាជំងឺរាតត្បាតជំងឺកូវីដ១៩ បានរំខានដល់ការលូតលាស់របស់ប្រទេសកម្ពុជា ហើយជំងឺនេះបានរារាំងដល់ការរីកចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិនិយោគបរទេស។

តាមការស្ទង់មតិតាមទូរស័ព្ទរបស់ធនាគារនេះបានបង្ហាញថា ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ប្រជាជនកម្ពុជាជាច្រើន ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិរបស់កម្ពុជាធ្លាក់ចុះ-២ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងគំហុក ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់ប្រទេសកម្ពុជា។
ធនាគារពិភពលោកបានផ្ដល់អនុសាសន៍ថា “អ្វីដែលកម្ពុជាត្រូវធ្វើគឺត្រូវបង្កើតការងារជូនពលរដ្ឋ ដែលបាត់បង់ការងារធ្វើឡើងវិញ ហើយត្រូវបញ្ឈប់ជាបន្ទាន់នូវជំងឺកូវីដ១៩ ។ ក្នុងន័យនេះត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញការវិនិយោគក្នុងវិស័យដែលពឹងផ្អែកលើកំលាំងពលកម្មដើម្បីបង្កើតការងារ” ។
ទស្សនទានរបស់ធនាគារបន្តថា វាជាការចាំបាច់ ដើម្បីបន្តតាមដានយ៉ាងជិតដិតនូវភាពងាយរងគ្រោះ ដែលកើតឡើងពីការអូសបន្លាយពេល នៃការសាងសង់ និងការរីកចម្រើនទ្រព្យសម្បត្តិ និងការបង្កើនឥណទាន ដែលបានផ្តល់ដល់វិស័យសំណង់និងអចលនទ្រព្យ” ។
លោកសំ សុខនឿន ប្រធានសមាគមអចលទ្រព្យសកល ក៏បាននិយាយផងដែរថា ឆ្នាំ ២០២០នេះ គឺជាឆ្នាំ ដែលវិស័យអចលនទ្រព្យបានធ្លាក់ចុះខ្លាំង។ ការវិនិយោគធំៗនៃវិស័យអចលនទ្រព្យ គឺជាគម្រោងរបស់វិនិយោគិនក្រៅប្រទេស ហើយបើសិនជាវិនិយោគិន ត្រូវបានហាមមិនឱ្យឆ្លងប្រទេសនោះ នឹងបាត់នូវលំហូរវិនិយោគខាងក្រៅប្រទេសដូច គ្នា។

លោកបន្តថា “ការវិនិយោគ និងការទិញលក់អចលនទ្រព្យ ក្នុងឆ្នាំ២០២០នេះ ពិតជាធ្លាក់ចុះខ្លាំង បើធៀបនឹងនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ តែយ៉ាងណាក៏នៅតែមានសកម្មភាពទិញលក់ មិនមែនអត់ទាំងស្រុងនោះទេ” ៕






