ការសាងសង់ផ្លូវរូងក្រោមដីប្រវែងជាង ១៩៨ គីឡូម៉ែត្រតភ្ជាប់ឡាវ-ចិន សម្រេចបាន៩៥ភាគរយ

0

ដោយ៖ ប៊ី
អន្តរជាតិ៖ គម្រោងផ្លូវរថភ្លើងឡាវ-ចិន ដែលមានប្រវែង ៤២២.៤ គីឡូម៉ែត្រ ជាមួយនឹងការសាងសង់ផ្លូវរូងក្រោមដីប្រវែងជាង ១៩៨ គីឡូម៉ែត្រ និងស្ពានប្រវែង ៦២ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ និងបើកឱ្យប្រើប្រាស់នៅខែធ្នូ ឆ្នាំ២០២១ ខណៈគម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវបង្កើនការតភ្ជាប់ក្នុងតំបន់កាន់តែប្រសើរ។

លោក Xiao Qianwen អគ្គនាយកក្រុមហ៊ុនផ្លូវដែកឡាវ-ចិនបាននិយាយថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ការងារផ្លូវរូងក្រោមដី និងស្ពានបានបញ្ចប់ប្រហែល ៩៥ ភាគរយ ខណៈផ្លូវដែកបានបញ្ចប់ ៤១,៣ ភាគរយ។

ផ្លូវដែកប្រវែង ៤២២.៤ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងវៀងចន្ទន៍ទៅព្រំដែនចិន ឆ្លងកាត់ខេត្តវៀងច័ន្ទ ហ្លួងប្រាបាង ខេត្ត Oudomxay និងហ្លួងណាមថា ដោយឆ្លងកាត់ផ្លូវរូងក្រោមដីចំនួន ៧៥ ដែលមានប្រវែងសរុប ១៩៧.៨៣ គីឡូម៉ែត្រ។

នេះបើយោងតាមក្រុមហ៊ុនផ្លូវដែកឡាវ-ចិន។
លោក Xiao បានឱ្យដឹងថា ការសាងសង់ផ្លូវដែកតម្លៃ ៥,៩៨ ពាន់លានដុល្លារអាមេរិក (៣៧,៤ពាន់លានយ័ន) នេះ បានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់និងបើកឱ្យប្រើប្រាស់នៅខែធ្នូ ឆ្នាំ២០២១។

ផ្លូវដែកឡាវ-ចិនគឺជាផ្នែកយុទ្ធសាស្ត្រមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន ហើយផែនការរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសឡាវមានទំនាក់ទំនងនៅក្នុងតំបន់កាន់តែខ្លាំង។

នៅពេលដំណើរការ ផ្លូវដែកនេះនឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឆ្លងកាត់ភាគពាយព្យប្រទេសឡាវពី ៣០ ទៅ ៤០ ភាគរយ បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវគោក។

ផ្លូវដែកមានប្រវែង ៤២២.៤ គីឡូម៉ែត្ររត់ពីច្រកព្រំដែនប៊ិនថេននៅភាគខាងជើងប្រទេសឡាវជាប់នឹងប្រទេសចិនទៅទីក្រុងវៀងចន្ទន៍ ដោយរថភ្លើងមានល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

រដ្ឋាភិបាលជឿជាក់ថា ផ្លូវដែកនេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើឱ្យប្រទេសឡាវមានការរីកចម្រើនកាន់តែខ្លាំងឡើង។
កាលពីថ្មីៗនេះ រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនផ្លូវដែកឡាវ-ចិន (Laos-China Railway) ចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍតំបន់ជុំវិញស្ថានីយ៍រថភ្លើងក្នុងរាជធានីវៀងចន្ទន៍ និងហ្លួងព្រះបាងក្នុងគោលបំណងជំរុញឧស្សាហកម្មនិងភ័ស្តុភារ។

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសុក្រ (ថ្ងៃទី ១១ ខែធ្នូ) រវាងអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Khamchan Vongsenboun អគ្គនាយកក្រុមហ៊ុនផ្លូវដែកឡាវ-ចិនលោក Xiao Qianwen និងតំណាងនៃតំបន់ទាំង ៤ ដែលពាក់ព័ន្ធ។

ការចុះហត្ថលេខានេះ ត្រូវបានធ្វើជាសាក្សីដោយ អនុរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនលោកបណ្ឌិត Viengsavath Siphandone អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់លោក Thongphat Vongmany អនុរដ្ឋមន្រ្តីក្រសួងធនធានទឹកនិងបរិស្ថានលោក Bounmy Phouttongong និងភ្ញៀវដទៃទៀត។

លោក Xiao Qianwen បានមានប្រសាសន៍ថា ការអភិវឌ្ឍតំបន់ជុំវិញស្ថានីយ៍រថភ្លើងទាំងនេះនឹងទាញសក្តានុពលនៅក្នុងទីតាំងទាំងនេះ សម្រាប់ការរីកចម្រើននៃឧស្សាហកម្មដឹកជញ្ជូនភ័ស្តុភារពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here