ដោយគង់ ម៉ាលីន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមជាគោលការណ៍នៅក្នុងការបង្កើត “សភាកសិឧស្សាហកម្ម”នៅកម្ពុជាហើយ។
លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ធ្នូនេះថា តាមសេចក្តីជូនដំណឹងលេខ ១០៤០ សជណ.កឆ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណ:រដ្ឋមន្រ្តីសម្តេចតេជោ បានយល់ព្រមឲ្យបង្កើត “សភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា”។
លោកបានបន្តថា ក្រោយទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា” ធ្វើយ៉ាងណាឲ្យសេចក្តីព្រាងច្បាប់នេះ មានលក្ខណសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ សំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ដល់ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធសហភាព សហគមន៍កសិកម្ម។ល។
លោកវេង សាខុនបានបន្ថែមថា ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថាជាវិធានការគន្លឹះ និងចាំបាច់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមឲ្យ បានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ដែលបានដាក់ចេញកន្លងមក”។លោកបន្តថា “ពិតណាស់យន្តការដោះស្រាយបញ្ហានេះ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលសមាជិកសភាកសិឧស្សាហកម្ម ត្រូវច្បាមយកកាលានុវត្តភាពនេះ ធ្វើជាឱកាសមាសសម្រាប់ធ្វើការអភិវឌ្ឍ ខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន បង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិករ និងទ្រទ្រង់ខឿងសេដ្ឋកិច្ចជាតិ”។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានវត្តមានតំណាងឲ្យក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា ដែលជានាយកក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាពសហគមន៍ ដែលប្រតិបត្តិការលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម៕






