ដោយវុត្ថា
ភ្នំពេញៈ វិនិយោគិនបរទេសនឹងមកបណ្តាកទុនវិយោគ នៅក្នុងប្រទេសកម្ពុជាលើវិស័យជាអាទិភាពជាច្រើន រួមមាន វិស័យសំណង់ កសិកម្ម និងឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ក្រោយពីកម្ពុជាទទួលបាន និងពិភពកឃើញថ្នាំវ៉ាក់សាំងការពារកូវីដ ១៩ ស្របពេលដែលរដ្ឋបាននឹងកំពុងកំណែទម្រង់ស៊ីជម្រៅផ្ឋៃក្នុង។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពពាណិជ្ជកម្ពុជាបានប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១៨ ម្សិលមិញនេះថា ទាំងវិនិយោគិននៅក្នុងស្រុក និងក្រៅស្រុក បានទន្ទឹងរងចាំនូវដំណឹង ពីការរកឃើញនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ អស់ជាច្រើនខែមកហើយ ខណៈដែលកាលពីពេលថ្មីៗនេះពិភពលោកបានរកឃើញ។
លោកបន្តថា “នៅពេលដែលមានវ៉ាក់សាំង ដែលអាចការពារនូវជំងឺកូវីដ១៩ នេះបាន។ អ្វីៗនឹងមានស្ថានការ និងភាពប្រក្រតីឡើងវិញ ដែលនេះគឺជាឱកាសសម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុកព្រមទាំងអ្នកនយោបាយ ក៏នឹងអាចធ្វើសកម្ម ភាពឡើងវិញបានជាធម្មតា និងធ្វើឱ្យសេដ្ឋកិច្ចមានការរីកចំរើន ។
បើតាមលោកឧកញ៉ា លឹម ហេង ជាមួយនឹងការទន្ទឹងរង់ចាំ នូវវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដែលមានទាំងការកំណែទម្រង់ច្បាប់ ស្តីពីការវិនិយោគនៅកម្ពុជា និងការកំណែទម្រង់ផ្ទៃក្នុងជាដើម នឹងជួយទាក់ទាញវិនិយោគិនអន្តរជាតិបន្ថែមទៀត ឱ្យមកកាន់ប្រទេសកម្ពុជា ។
លោកឧកញ៉ាថ្លែងថា “ក្រៅពីនេះរដ្ឋាភិបាលក៏បានកែសម្រួល លើការបង់ពន្ធអចលនទ្រព្យមកធ្វើតាមរយៈអនឡាញវិញ និងការកែទម្រង់អត្រាពន្ធគយឱ្យស្ថិត នៅក្នុងកម្រិតទាប កាលពីពេលថ្មីៗនេះជាដើម ក៏ជាការធ្វើឱ្យមានការទាក់ទាញវិនិយោគិនមកពីក្រៅប្រទេសឱ្យមកកាន់កម្ពុជាកាន់តែច្រើន” ។
លោកឧកញ៉ាបន្តថា វិនិយោគិនបរទេស នឹងមកបណ្តាកទុនលើវិស័យជាច្រើនរួម ការច្នៃវត្ថុធាតុដើម ដែលមានស្រាប់របស់កម្ពុជា សម្រាប់ធ្វើការនាំចេញឱ្យបានច្រើន និងការលក់នៅក្នុងស្រុក ។ ស្របជាមួយគ្នានេះ តម្រូវកាអចលនទ្រព្យ នឹងមានការឡើងទាំងការវិនិយោគ និងអគារការិយាល័យ សម្រាប់ធ្វើការព្រមជាមួយនឹងការដឹកជញ្ជូនផងដែរ។
លោកវង្សី វិស្សុតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រដ្ឋាភិបាលបានដាក់ចេញនូវផែនការចំនួន៣ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីបញ្ចប់នូវជំងឺកូវីដ១៩ រួមជាមួយនឹងការទាក់ទាញ និងបង្កើនការវិនិយោគក្នុង និងពីក្រៅប្រទេសឱ្យមកកាន់កម្ពុជាកាន់តែច្រើន។
លោកបន្តថា ផែនការទាំង៣ជាគោលនយោបាយ សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ១៩ រួមមាន៖ ទី១) ការបន្តអនុវត្តគោលនយោបាយចម្រុះរវាងរូបិយវត្ថុ សារពើពន្ធ និងរចនាសម្ព័ន្ធក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច ទី២ ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងពង្រីកសក្តានុពល ដើម្បីពង្រឹងការប្រកួតប្រជែងលើទីផ្សារ និងដោះស្រាយបញ្ហារាំងស្ទះ នៅក្នុងការធ្វើពិពធកម្មសេដ្ឋកិច្ច និងទី៣ ការបង្កើនកំណើនវិនិយោគក្នុងស្រុកបន្ថែម ដោយតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលបានទំលាក់ កញ្ចប់ថវិកាជាច្រើនរយលានដុល្លារ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងស្តារសេដ្ឋកិច្ចឱ្យមានការរីកចំរើន ព្រមទាំងមានការប្តេជ្ញាខ្ពស់របស់កម្ពុជាក្នុងការប្រែក្លាយប្រទេសកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕






