ដោយ ៖ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Hoang Anh Andong Meas Co., Ltd ប្រើប្រាស់យន្តហោះបាញ់ជីជាផ្លូវការនៅក្នុងអំឡុងចុងត្រីមាសទី១ ឬដើមត្រីមាសទី២ ឆ្នាំ២០២១ខាងមុខនេះ នៅខេត្តរតនគីរី ខណៈដែលក្រុមហ៊ុននេះបានទទួលសាងសង់ផ្លូវរត់រួច និងសិទ្ធិក្នុងការវិនិយោគលើវិស័យកសិកម្មក្នុងទំហំដីរាប់រយហិកតានៅក្នុងខេត្តភាគឥសានមួយនេះ ។

លោក ខាន់ វណ្ណា មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះបានឱ្យដឹថា យន្តហោះពណ៌លឿងចេញបេសកកម្មហោះបាញ់ជីនោះគឺយន្តហោះចុះបញ្ជីរបស់អាជ្ញាធរអាកាសចរស៊ីវិលហ្វីលីពីន ហោះហើរនៅប្រទេសហ្វីលីពីនដែលនឹងត្រូវប្រើប្រាស់បាញ់ជីក្នុងខែចុងខែមីនា ឬ ខែមេសា ឆ្នាំ២០២១ នៅខេត្តរតនគីរី ។
លោក ខាន់ វណ្ណា ធ្លាប់បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យព្រលានយន្តហោះខ្នាតតូចរបស់ក្រុមហ៊ុននេះដែរកាលពីខែតុលាកន្លងមកនេះ ដោយបានអះអាងថា នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសំរាប់ប្រទេសកម្ពុជា ដែលមានវិស័យអាកាសចរយន្តហោះបាញ់ជី និងព្រលានខ្នាតតូចហៅថា STOLPORT របស់ក្រុមហ៊ុនHOANG ANH ANGDONG MEAS CO., LTD ។
ក្រុមហ៊ុនវៀតណាម HOANG ANH ANGDONG MEAS CO., LTD បានសាងសង់ព្រលានយន្តហោះខ្នាតតូចហៅថា STOLPORT ដែលវិនិយោគអភិវឌ្ឍន៏លើវិស័យដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ លើផ្ទៃដីសរុប៩៤៧០ហិតា ដែលស្ថិតទន្លេស្រែពក ខេត្តរតនៈគីរី។
រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤១កំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យលើផ្ទៃដីទំហំ៩៧៧៥ហិកតា ទៅជាតំបន់ប្រើប្រាស់ ដោយចីរភាពស្ថិតនៅក្នុងភូមិសាស្រ្តស្រុកតាវែង ខេត្តរតនៈគិរី សម្រាប់ផ្ដល់ជូនក្រុមហ៊ុន Hoang Anh Andong Meas Co., Ltd ធ្វើការវិនិយោគអភិវឌ្ឍន៍លើ វិស័យដំណាំ កសិឧស្សាហកម្ម និងដំណាំកៅស៊ូ៕






