ដោយគង់ សូរិយា
ភ្នំពេញៈ សរសេរលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន បន្ទាប់ពីបានទៅទស្សនកិច្ចលើកំពូលភ្នំខ្នងផ្សារ លោកហ៊ុន ម៉ានីតំណាងរាស្ត្រខេត្តកំពង់ស្ពឺបានសម្តែងមោទនភាពសំរាប់ខេត្តនេះ ក៏ដូចជាកម្ពុជាទាំងមូល។
ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា រូបនេះបានមានប្រសាសន៍ថា “ខ្ញុំធ្លាប់តែឃើញបងប្អូន ទៅលេងនៅភ្នំខ្នងផ្សារ នៅដែលកំពុងទទួលបានភាពល្បីល្បាញ ក្នុងចំណោមតំបន់ទេសចរអេកូធម្មជាតិ ជាច្រើនទៀតនៅខេត្តកំពង់ស្ពឺ ហើយខ្ញុំក៏មានក្តីរំភើបចិត្តជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតទាំងនោះ ដែលខ្ញុំបានឃើញលើបណ្តាញសង្គម” ។
លោកបានសរសេរបន្តថា ពិតប្រាកដណាស់ យើងលឺគេថាច្រើនដង មិនដូចយើងបានសាកល្បង និងទៅទស្សនាដោយខ្លួនឯងផ្ទាល់នោះឡើយ។ ថ្មីៗនេះ ខ្ញុំបានសម្រេចបេសកកម្មឡើងទៅដល់លើកំពូលភ្នំខ្នងផ្សារ។ បេសកកម្មក្នុងការឡើងលើកំពូលភ្នំនេះ មិនជាពិបាកពេក ហើយក៏មិនងាយស្រួលពេកនោះដែរ។
លោកបន្តថា “មកដល់លើកំពូលភ្នំខ្នងផ្សារ ខ្ញុំកាន់តែមានមោទនភាព សម្រាប់ទឹកដីខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដោយសារភ្នំខ្នងផ្សារមានទេសភាពដ៏ស្រស់ស្អាតនៅគ្រប់ជ្រុងទាំងអស់ ដែលខ្ញុំបានក្រឡេកភ្នែកដល់” ។ លោកបន្ថែមថា “អមដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ ដែលធានាថាតំបន់ទេសចរធម្មជាតិខ្នងផ្សារនេះ ពិតជាធ្វើឲ្យអ្នកទេសចរប្លែកភ្នែក និងស្រស់ស្រាយអារម្មណ៍ជាក់ជាមិនខាន” ។
លោកបន្ថែមទៀតថា “កម្ពុជាស្រស់ស្អាតណាស់ #ខ្នងផ្សារ #កំពង់ស្ពឺ” ៕