តើ​អ្វី​ជា​ធនាគារ​ដីធ្លី និង​អនុវត្តន៍​យ៉ាងដូចម្តេច​ដើម្បី​វិនិយោគ​ទទួលបាន​ផលចំណេញ?

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ធនាគារ​ដីធ្លី​គឺជា​អ្វី​ឱ្យ​ប្រាកដ? ហើយ​គួរ​មាន​វិធីសាស្ត្រ​វិនិយោគ​បែបណា ទើប​អាច​ទទួលបាន​ចំណេញ? និង​ទទួលបាន​ជោគជ័យ ហើយ​មាន​សេរីភាព​សាច់ប្រាក់ និង​អាច​ចូលនិវត្តន៍​បាន​ត្រឹម​រយៈពេល ១៥ឆ្នាំ។

លោក ង៉ែត ជូ​អ្នកវិភាគ​សេដ្ឋកិច្ច​និង​អចលនទ្រព្យ​បាន​លើកឡើងថា អ្នកវិនិយោគ​ធនាគារ​ដីធ្លី​សញ្ជាតិ​អាមេរិក លោក John Jacob Astor និង​លោក Songsakdi បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ «ធនាគារ​ដីធ្លី (Land Banking) វិនិយោគ​រយៈពេល​វែង ដោយ​ផ្តោតលើ​ដីធ្លី​ដែលមាន​សក្តានុពល​ខ្ពស់ នៅ​តំបន់​ជាយក្រុង​បាន​ជោគជ័យ រហូត​ក្លាយជា​មហាសេដ្ឋី​អចលនទ្រព្យ ដែលមាន​ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លា។

លោក​បន្តថា “កម្ពុជា​ក៏​ជា​ប្រទេសមួយ ដែល​វិស័យ​ដីធ្លី​មាន​សក្តានុពល​ខ្លាំង​ដែរ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា​លោកអ្នក ជាពិសេសប្អូនៗយុវជន អាច​ប្រើ​យុទ្ធសាស្ត្រ​នេះ ដើម្បី​អាច​ចូលនិវត្តន៍​បាន ដោយ​ធ្វើការ​ត្រឹមតែ ១៥ឆ្នាំ​ប៉ុណ្ណោះ” ។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​អ្នកមាន​អាយុ២៥ឆ្នាំ ហើយ​អ្នក​សន្សំ​ប្រា​ក់បាន ៥០០ដុល្លា​រុំ​ក្នុង​មួយខែ ឬ៦០០០ដុល្លារ​ក្នុងឆ្នាំៗ ដើម្បី​វិនិយោគ​លើ​ដីធ្លី​ដែលមាន​កំណើន​តម្លៃ២០ភាគរយ​ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែល​អ្នកមាន​អាយុ ៤០ឆ្នាំ) អ្នក​អាចមាន​ទ្រព្យសម្បត្តិ​ប្រហែល​កន្លះ​លាន​ដុល្លារ ។

ទ្រព្យសម្បត្តិ​ត្រឹម​កន្លះ​លាន​ដុល្លា​មិន​ច្រើន​ទេ ប៉ុន្តែ​អាចអោយ​អ្នក​ចូលនិវត្តន៍​បាន​ប្រសិនបើ​អ្នកចេះ​រស់នៅក្នុង​ជីវិត​សាមញ្ញ (ពោលគឺ​ចំណាយ​តិច) ហើយ​ចេះ​ចាត់ចែង​ទ្រព្យ​ទាំងនោះ ដើម្បី​បន្ត​បង្កើន​ចំណូល​ឬ​ជា​ទ្រព្យ​បន្ថែម។

ឧទាហរណ៍​ខាងលើ គ្រាន់តែ​ជា​ករណី​ដ៏សាមញ្ញៗប៉ុណ្ណោះ ជាក់ស្តែង​ប្រសិនបើ​អ្នកជា​បុគ្គល​ដែលមាន​ភាព​អំណត់ ពូកែ​សន្សំ ឬ​ប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារ និង​មាន​ភាព​វៃឆ្លាត​ខ្លាំង​ក្នុងការ​វិនិយោគ ក្នុង​រយៈពេល១៥ឆ្នាំ អ្នក​អាច​សន្សំទ្រព្យ​បាន​រាប់លាន​ដុល្លា​តាមរយៈ​ធនាគារ​ដីធ្លី។

ដើម្បី​សំរេចបាន​នូវ​លទ្ធផល​ខាងលើ អ្នក​គប្បី​អនុវត្តន៍​នូវ​ជំ​ហ៊ាន​ទាំង៤នេះ ទី១

កសាង​សមត្ថភាព (building skills) ៖ អ្នក​ត្រូវ​រៀនសូត្រ​ពី​ការវិនិយោគ និង​របៀប​ធ្វើ​ធនាគារ​ដីធ្លី​ពី​បុគ្គល​ដែលមាន​បទពិសោធន៍ ស្វែងយល់​ពី​ផ្លូវច្បាប់ ទីផ្សារ និង​ជំនាញ​ដទៃទៀត​ដូចជា​ការចរចា។ល។ ជាពិសេស​អ្នក​គួរ​មាន​បុគ្គល ដែលមាន​បទពិសោធន៍​អនុវត្ត​ផ្ទាល់​ធ្វើជា​អ្នក​ប្រឹក្សា​យោបល់ (mentor) ដើម្បី​ជួយ​តំរង់ទិស និង​ផ្តល់យោបល់​ដល់​អ្នក។

ទី២ ធ្វើ​ផែនការ​វិនិយោគ (planning)៖ អ្នក​ត្រូវ​ប្រើ​ពេលវេលា​រយៈពេល​វែង​របស់​អ្នក​អោយមាន​ប្រសិទ្ធិភាព​ខ្ពស់។ ក្នុងឆ្នាំៗតើ​អ្នកនឹង​វិនិយោគ​ដីធ្លី​ប៉ុន្មាន​កន្លែង? ទំហំ​ដី​ប៉ុណ្ណា? នៅ​តំបន់​ណា? ទំហំ​ទុនវិនិយោគ​ប៉ុណ្ណា? តើ​អ្នក​បាន​ប្រភព​ទុន​ពី​ណា? ក្នុងឆ្នាំៗ អ្នក​ត្រូវគេ​តំឡើង​ប្រាក់ខែ​ប៉ុន្មាន​ភាគរយ ដើម្បី​បង្កើន​លទ្ធភាព​វិនិយោគ?។

ទី៣  ការបង្កើន​ទ្រព្យ (wealth accumulation)អ្នក​ចាប់ផ្តើម​សិក្សា​ពី​ជំរើស​នៃ​ការវិនិយោគ ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក។ ជា​រៀងរាល់ឆ្នាំ​អ្នកអនុវត្ត​ន៍​តាម​ផែនការ និង​មាន​ភាពបត់បែនខ្លះៗ ទៅតាម​សភាពការណ៍​ជាក់ស្តែង។ រួច​អ្នក​រង់​ចាំមើល​ការវិវត្ត​តាមរយៈ​ភាព​រីកចំរើន​នៃ​សេដ្ឋកិច្ច និង​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ដូចជា ផ្លូវ ទឹក ភ្លើង សំណង់​លំនៅដ្ឋាន និង​រោងចក្រ​ជាដើម។ល។ កំណើនប្រជាជន​ចាប់ផ្តើម​កើនឡើង​ខ្លាំង តំរូវការ​ដីធ្លី​ក៏មាន​កាន់តែខ្លាំង រីឯ​តម្លៃ​ក៏​ឡើង​តាម​នោះដែរ។

ទី៤ ការបែងចែក​ទ្រព្យសម្បត្តិ (wealth distribution) ៖ ប្រមាណ១៥ឆ្នាំក្រោយ​ជា​ដំណាក់កាល ដែល​អ្នកប្រមូល​ផល ពី​ការវិនិយោគ​លើ​ធនាគារ​ដីធ្លី ប្រកបដោយ​ចក្ខុវិស័យ។ អ្នក​អាច​លក់​ដីធ្លី​មួយចំនួន ដើម្បី​បង្កើតជា​ចំណូល​ប្រចាំខែ ឬ​លក់​ដីធ្លី​ខ្លះទៀត​យក​ទុន​ទៅ​វិនិយោគ​លើ​ឃ្លាំង​ឬ​អាគារ​សំរាប់​ជួល ឬ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នា​នាយក​ភាគលាភ​ប្រចាំឆ្នាំ (annual dividend) ដើម្បី​ចិញ្ចឹម​គ្រួសារ និង​រីករាយ​ជាមួយ​ជីវិត​ដែលមាន​សេរីភាព​ហិរញ្ញវត្ថុ។

សកម្មភាព​វិនិយោគ​ទាំងនេះ សុទ្ធតែជា​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ចំណែក​ដីធ្លី​ខ្លះទៀត ដែល​នៅមាន​សក្តានុពល​កើន​តម្លៃ​ខ្ពស់ គួរ​បន្ត​រក្សាទុក​ជាកា​រ​បង្កើន​ទ្រព្យ។

លោក ង៉ែត ជូ បាន​បញ្ជាក់ថា អត្ថបទ​ខាងលើនេះ គឺជា​លទ្ធផល​នៃ​ការអនុវត្ត​ជាក់ស្តែង ការសិក្សា​ស្រាវជ្រាវ និង​ការវិភាគ​ទៅតាម​បរិបទ​នៃ​ទីផ្សារ និង​សេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here