តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៤១មានការកើនទ្វេរដងធៀបនឹង រយៈពេល៣ឆ្នាំមុន

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីផ្សារដីធ្លីនៅជាយក្រុងនាពេលបច្ចុប្បន្ននេះ ត្រូវបានគេផ្តោតសំខាន់នៅតាមតំបន់ផ្លូវជាតិសំខាន់ៗមួយចំនួន ដែលកំពុងតែមានគម្រោងអភិវឌ្ឍន៍ ដូចជាតំបន់ផ្លូវជាតិជាតិលេខ១,៣,៤,៥១ ជាពិសេសផ្លូវជាតិលេខ៤១ ដែលកំពុងមានគម្រោងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្មជាច្រើន គ្រោងនឹងបង្ហាញវត្តមាន រួមជាមួយគម្រោងអាទិភាពរប​ស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាន បានមានប្រសាសន៍នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា បច្ចុប្បន្នបច្ចុប្បន្នស្ថានភាពទីផ្សារដីធ្លីនៅតំបន់ផ្លូវ៤១ មិនសូវមានភាពពុះកញ្ជ្រោ​លខ្លាំង ដូចកាលពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នោះទេ ប៉ុន្តែសម្រាប់តម្លៃគឺនៅតែរក្សាមិនមានការធ្លាក់ចុះនោះទេ។

លោកបានបញ្ជាក់ថា “តម្លៃដីនៅផ្លូវ៤១មិនស្មើគ្នានោះទេ បើទោះជាស្ថិតនៅជាប់ផ្លូវជាតិធំដូចគ្នាក៏ដោយ។ ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ រហូតដល់គីឡូលេខ១០ ភាគច្រើន ជាគម្រោងសាងសង់លំនៅដ្ឋានអាជីវកម្ម ដែលត្រូវបានដាក់លក់ក្នុងតម្លៃលើសពី១០ម៉ឺនដុល្លារ”។លោកបន្តថា “ដោយឡែកសម្រាប់ការពុះជាដីឡូត៍ មិនសូវមាននោះទេ ហើយបើមានក៏ត្រូវដាក់លក់ក្នុងតម្លៃខ្ពស់ មិនក្រោម៣ម៉ឺនដុល្លារក្នុងមួយឡូតិ៍នោះឡើយ”។

លោកថា នៅតំបន់នេះមិនសូវមានដីឡូតិ៍ទេ ព្រោះតម្លៃដីបានឡើងខ្ពស់ទៅហើយ មានតែគម្រោងសាងសង់លំនៅដ្ឋានតែម្ដង ប៉ុន្តែបើចុះពីផ្លូវជាតិចូលទៅក្នុងចម្ងាយចាប់ពី១គីឡូម៉ែត្រទើបមានការពុះជាដីឡូតិ៍ដែលត្រូវបានគេដាក់លក់ ក្នុងតម្លៃចន្លោះពី៦០០០-៧៥០០ដុល្លារក្នុងមួយឡូតិ៍ ឬលើសពីនេះ អាស្រ័យទៅតាមទីតាំងដីនៅជួរខាងមុខឬខាងក្រោយ។

លោកវិន ឈុនហ៊ាតបានបន្តថា បើគិតចាប់ពីចំណុចគីឡូម៉ែត្រលេខ១០ ទៅដល់ចំណុចគីឡូលេខ២០ ការពុះដីឡូតិ៍ដែលស្ថិតនៅជាប់ផ្លូវជាតិក៏មានមិនច្រើនដែរ ពោលគឺចុះពីផ្លូវធំចាប់ពី៥០០ម៉ែត្រ ឬទៅជិតដល់ភូមិទើបមានការពុះលក់ ហើយតម្លៃក៏មិនសូវជាខ្ពស់ខ្លាំងនោះដែរ ពោលគឺក្នុងចន្លោះពី៥០០០-៦៥០០ដុល្លារក្នុងមួយឡូតិ៍ ហើយតម្លៃនេះបើប្រៀបធៀបទៅនឹងកាលពី៣ឆ្នាំមុនមានការកើនឡើងទ្វេដង។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា សកម្មភាពទិញ-លក់ដីនៅតំបន់ផ្លូវ៤១ គឺមានទៅតាមទីតាំង មិនមែនមានតម្រូវការទាំងអស់ដូចផ្លូវ៥១នោះទេ។

លោកស្រីបញ្ជាក់ថា “ពេលនេះការទិញលក់ហាក់ស្ងប់ស្ងាត់ បើមានទាល់តែដីស្ថិត នៅទីតាំងណាដែលត្រូវបានម្ចាស់ដាក់លក់បន្ទាន់ និងមានតម្លៃទាបជាងទីផ្សារខ្លាំងទើបមានអ្នកទិញ ហើយការទិញលក់នេះទៀតសោត ភាគច្រើនជាប្រភេទដីធំៗ ដែលមិនមែនជាប្រភេទដីឡូតិ៍ ដីលំនៅដ្ឋានតូចៗនោះទេ”។

លោកស្រីបន្តថា ប្រភេទដីធំៗដែលត្រូវបានដាក់លក់ នៅលើទីផ្សារនៅពេលនេះ ស្ថិតនៅឆ្ងាយពីផ្លូវធំបន្តិច ហើយតម្លៃស្ថិតនៅក្នុងរង្វង់ជាង២- ៣ម៉ឺនដុល្លារក្នុង១ហិកតាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ដែលមានតម្លៃខ្ពស់ អាចជាប្រភេទដីដែលអំណោយផលដល់ការអភិវឌ្ឍន៍ជាសំណង់បណ្តុំលំនៅដ្ឋាន ឬជាសំណង់រោងចក្រ ដែលនៅមិនឆ្ងាយពីផ្លូវជាតិ។ ទោះជាយ៉ាងណា ពេលនេះសកម្មភាពទិញលក់មិនមានច្រើននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here