ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសួននៅក្នុងរមណីយដ្ឋានអង្គរបានបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២០នេះ

0

ដោយ ៖ វុត្ថា

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការអភិវឌ្ឍន៍ និងកែលម្អហេដ្ឋាចរនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសបរិវេណខាងមុខប្រាសាទអង្គរនៅឆ្នាំ២០២០នេះ ដោយបានប្រែក្លាយទៅជាតំបន់ទេសភាពបៃតងស្រស់គ្រប់រដូវកាល។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសួនព្រមទាំងដាំដើមឈើនៅបរិវេណរមណីយដ្ឋានអង្គរបានបញ្ចប់នៅក្នុងឆ្នាំ២០២០នេះហើយ ស្របទៅតាមផែនការដែលមានការគ្រោងទុក ។

លោកបន្តថា “អ្វីៗបានបញ្ចប់អស់ហើយដោយរង់ចំាតែភ្ញៀវទេសចរមកលេងប៉ុណ្ណោះ។ នៅពេលភ្ញៀវទេសចរមកកម្សាន្តលើកនេះ នឹងមានការប្លែកភ្នែក ព្រោះយើងមានការរៀបបានស្អាតទាំងសោភ័ណភាព បរិស្ថាន និងទីចំណតរថយន្តជាដើម”។

លោកបន្តថា  “យើងបានបញ្ចប់ការរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង ការដំាដើមឈើ ដើមផ្ការព្រៃ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែនៅតែមជ្ឈមណ្ឌលផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរតែប៉ុណ្ណោះ ហើយកិច្ចការនេះអាចនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំក្រោយយ៉ាងយូរ”។

លោកបន្ថែមឱ្យដឹងថា គម្រោងជួសជុលប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធរួមមានការកសាងផ្លូវក្នុងទីក្រុងអង្គរធំ ការជួសជុលផ្លូវពីផ្លូវជាតិលេខ៦ចូលប្រាសាទបាគង និងព័ទ្ធជុំវិញប្រាសាទបាគង ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្តី និងផ្នែកខាងជើងស្រះស្រង់ ការជួសជុលផ្លូវពីចំណុចស្វាយធំផ្លូវជាតិលេខ៦ទៅដល់រង្វង់មូលកូនដំរី ការជួសជុលផ្លូវពីវង់ធំក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទបន្ទាយសំរែ ភ្នំបូករហូតដល់ចំណុចស្ពានឆេះផ្លូវជាតិលេខ៦៦ ការជួសជុលផ្លូវពីប្រាសាទអង្គរវត្តមកព្រលានយន្តហោះអន្តរជាតិសៀមរាប ការជួសជុលផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបមកផ្លូវជាតិលេខ៦ត្រង់ចំណុចភ្លើងស្តុប និងការកែលម្អផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ចាប់ពីចំណុចបំបែកផ្លូវហ្សាលដឺហ្គោលរហូតទៅដល់រង្វង់មូលអប្សរា និងពីរង្វង់មូលអប្សរាទៅដល់ផ្លូវជាតិលេខ៦។

ពាក់ព័ន្ធនឹងសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានបញ្ចប់ពង្រីកតំបន់ទេសភាពបៃតងប្រែក្លាយទីនោះឱ្យកាន់តែស្រស់ស្អាតដោយមានការដាំស្មៅ ដាំកូនឈើ ដាំដើមផ្កានៅផ្នែកខាងត្បូងមុខប្រាសាទអង្គរវត្ត។ រីឯផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្តប្រវែង៣៥០ម៉ែត្រក៏បានបញ្ចប់ការជួសជុលកែលម្អដោយមានការរៀបចំប្រព័ន្ធរំដោះទឹក ដាំកូនឈើ ផ្លូវដើរ ចញ្ចើមផ្លូវ និងសួនច្បារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here