កម្ពុជាទទួលបានជំនួយពីរដ្ឋាភិបាលបារាំងជាង៩១លានដុល្លារ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងបរិស្ថាន

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)ផ្តល់ហិរញ្ញប្បទានរហូតដល់ចំនួន៧៥លានអឺរ៉ូ (ប្រមាណជាង៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

 

តាមរយៈទីស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវអេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រួមជាមួយលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាហិរញ្ញប្បទានចំនួន២ ដើម្បីគាំទ្រដល់ដល់ការអភិវឌ្ឍវិស័យក​សិកម្ម និងជនបទប្រកបដោយចីរភាពក៏ដូចជា ការអភិវឌ្ឍដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

នៅក្នុងកញ្ចប់ជំនួយហិរញ្ញប្បទានចំនួន២ ពីរដ្ឋាភិបាលនៃប្រទេសបារាំងផ្តល់មក ឱ្យរដ្ឋាភិបាលកម្ពុជា មានទំហំទឹកប្រាក់សរុបចំនួនជាង៩១លានដុល្លារខាងលើនេះ នឹងត្រូវបែងចែកទៅលើការអភិវឌ្ឍ និងលើកកម្ពស់វិស័យកសិកម្ម និងផ្នែកបរិស្ថាន ដែលសង្កត់ធ្ងន់ទៅលើការប្រយុទ្ធប្រឆាំង ទៅនឹងការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

តាមរយៈសេចក្ដីប្រកាស របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ថា គម្រោ​ង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋាន សម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។ ចំណែកកម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួល ដល់ពិពិធកម្មវិស័យកសិកម្ម តាម រយៈការគាំទ្រផ្នែកដ៏មានសក្តានុពលទាំងប្រាំ (រួមមានគ្រាប់ស្វាយ ចន្ទី ផ្លែស្វាយ ដំឡូងជ្វា បសុបក្សី និងការដាំដំណាំ)។ គម្រោងទាំងនេះនឹងត្រូវបានដាក់ឱ្យដំណើរការជាមួយធនាគារ KfW អាល្លឺម៉ង់ និងធនាអភិវឌ្ឍន៍អាស៊ី (ADB)៕

LEAVE A REPLY

Please enter your comment!
Please enter your name here