កូរ៉េបោះទុន១០០លានដុល្លារអភិវឌ្ឍន៍តំបន់ឧស្សាហកម្មធំមួយនៅប្រទេសមីយ៉ាន់ម៉ា

0

ដោយៈសុខុម

មីយ៉ាន់ម៉ាៈ វិនិយោគិនកូរ៉េបានបោះទុនរាប់លានដុល្លារ ដើម្បីបង្កើតគំរោងឧស្សា​ហកម្មធំមួយនៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ។

កាសែត Myanmar Times បានចុះផ្សាយកាលពីថ្ងៃទី២២ ធ្នូ នេះថា ដំណាក់កាលទី១ នៃការសាងសង់តំបន់ឧស្សាហកម្មកូរ៉េ-មីយ៉ាន់ម៉ា (Korea-Myanmar Industrial Complex) ហៅកាត់ថា KMIC នៅតំបន់Hlegu ក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ធ្នូដ៏ខ្លីខាងមុខនេះ។

លោក U Han Zaw រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មីយ៉ាន់ម៉ាន៍បានថ្លែងថា “យើងកំពុងព្យាយាមអនុវត្តន៍៍ ផែនការអភិវឌ្ឍគម្រោងKMIC ឱ្យបានទាន់ពេលវេលា ដើម្បីឱ្យបណ្ដាវិនិយោគិនអន្តរជាតិ អាចមកបង្កើតក្រុមហ៊ុននៅតំបន់ឧស្សាហកម្មនេះ”។លោកបន្តថា “”យើងជឿជាក់ថា អាជីវកម្មរបស់ពួកគេនៅទីនេះនឹងទទួលបានលទ្ធផលល្អ”។

តាមការរំពឹងទុក ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដូចជាផ្លូវថ្នល់ និងសេវាកម្មចាំបាច់ផ្សេងៗ សម្រាប់គម្រោងដែលនឹងទទួលបានជំនួយហិរញ្ញវត្ថុពី “មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ” (Korean Economic Development Cooperation Fund)នេះគ្រោងនឹងបញ្ចប់ជាស្ថាពរត្រឹមឆ្នាំ២០២៣។ ទំហំទុនវិនិយោគសរុបមានចំនួន ១០០លានដុល្លារអាមេរិក ដែលនឹងផ្ដល់ការងារថ្មីៗប្រមាណ១០០.០០០កន្លែង។

គម្រោងKMIC នឹងអនុវត្តន៍រួមគ្នាដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន Korea Land and Housing Corporation ដែលគ្រប់គ្រងដោយរដ្ឋនៅលើផ្ទៃដីទំហំ ២២៦ ហិកតានៅភូមិ Nyaung-nhit-pin នៃតំបន់ Hlegu។ គម្រោងនេះនឹងគ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍន៍ KMIC Development Company Ltd ហើយនឹងដាក់បញ្ចូល “ប្រព័ន្ធកក់ប្លង់ដីតាមអនឡាញ” (Online Land Reservation System) ជាលើកដំបូងរបស់មីយ៉ាន់ម៉ាផងដែរ។

តម្លៃជួលដីមានអត្រាចន្លោះពី៦៩ ដុល្លារអាមេរិក ទៅ៧៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយបណ្ដាវិនិយោគិនអាចចាប់ផ្ដើម ដាក់ពាក្យកក់ប្លង់ដី ដែលខ្លួនពេញចិត្តចាប់ពីថ្ងៃទី២ មករា ឆ្នាំ២០២១។

នៅពេលគម្រោងKMICបញ្ចប់ជាស្ថាពរ វានឹងមានតម្លៃរហូតដល់ទៅ៤,៧ពាន់លា​នដុល្លារអាមេរិក ហើយនឹងផ្ដល់ការងារជាង៥០០.០០០ កន្លែង។

លោករដ្ឋមន្ត្រី U Han Zaw បានថ្លែងថា “វាពិតជាសំខាន់ណាស់ ក្នុងការបង្កើតតំបន់ឧស្សាហកម្ម ដែលអាចជួយឱ្យវិនិយោគិនមកធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបន្ថែមថា “វាក៏នឹងជួយជំរុញការវិនិយោគក្នុងស្រុក និងការវិនិយោគបរទេសផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here