ដោយស៊ីវ ម៉េង
ភ្នំពេញៈ តំបន់ភាគខាងកើតក្រុងភ្នំពេញ ដែលបានដេកលក់អស់រយៈពេលជាច្រើនឆ្នាំ បាននិងកំពុងចាប់ផ្តើមកំរើកជាថ្មី ជាមួយនឹងដំណឹងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនាពេលខាងមុខ។
ជាមួយភូមិសាស្រ្តអំណោយផល ដោយមានដងទន្លេព័ទ្ឋជុំវិញ តំបន់ស្វាយជ្រុំ និងអរិយក្សត្របាននិងកំពុងរះឡើង ជាមួយនឹងគំរោងបុរីជាច្រើនបានចាប់ផ្តើមរីកចម្រើននៅតំបន់នេះរួចហើយ ហើយបុរីធំៗជាច្រើនទៀត ដូចជា បុរីប៉េង ហួត បុរីអ័រគីដេ បុរីពិភពថ្មីជាដើម បានទិញដីនៅតំបន់នេះរួចហើយ។
បើផ្អែកលើផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គំរោងអចលនទ្រព្យធំៗជាច្រើន នឹងបង្ហាញវត្តមាននៅតំបន់នេះ នៅរយៈពេលចន្លោះពី២ឆ្នាំទៅ៣ឆ្នាំខាងមុខ។
សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានតាមដានការវិវត្ត នៃសេដ្ឋកិច្ចសង្គមបានមានប្រសាសន៍ថា តាមរយៈផែនការអភិវឌ្ឈន៍ជាបន្តបន្ទាប់របស់រដ្ឋាភិបាល ការកសាងទីក្រុងថ្មីកោះនរា គំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ និងផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ ដែលនឹងសាងសង់កាត់តំបន់នេះ បានធ្វើឲ្យតំបន់ភាគខាងកើតក្រុងភ្នំពេញលេចឡើងយ៉ាងរសរវើកនារយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ។
លោកបន្តថា “គ្រាន់តែប្រធានាធិបតីកូរ៉េប្រកាសជួយសាងសង់ស្ពាន បានធ្វើឲ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃរួចទៅហើយ ខណ
ៈស្ពានមិនទាន់សាងសង់ផង”។លោកបន្តថា “នៅពេលស្ពានចាប់ផ្តើមសាងសង់ តំបន់នេះនឹងរីកចម្រើន ហើយគំរោងធំៗនឹងបង្ហាញវត្តមានដូចរដូវផ្ការីកមិនខាន”។
លោកយិន លាងគង់បានបន្តថា ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗ បាននិងកំពុងជំរុញការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានលើកឡើងថា អភិវឌ្ឍន៍៍ខាងលិច កុំភ្លេចខាងកើតកាលពីប៉ុន្មានឆ្នាំមុន ដែលជាលទ្ឋផលគឺតំបន់ភាគខាងកើតបាន និងកំពុងរះឡើងជាមួយសក្តានុពលដ៏សម្បើម៕






