ដោយៈ រ៉ាណេត
ប៉ៃលិនៈ រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា(KOICA) បាននិងកំពុងលើកផែនការសិក្សា គម្រោងប្រែក្លាយខេត្តប៉ៃលិនពីតំបន់ជម្រុកសង្គ្រាម ឱ្យទៅជាខេត្តមួយដែលមានភាពរីកចម្រើន និងអភិវឌ្ឍន៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ។
តំណាងKOICA ប្រចាំប្រទេសកម្ពុជា លោ រ៉ូ ហ៊ុនជុន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិន ដើម្បីធ្វើការសិក្សាពីគម្រោងកែប្រែតំបន់សង្រ្គាម ឱ្យប្រែក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍។
លោករ៉ូ ហ៊ុនជុន បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើតមាគ៌ា សម្រាប់ការអភិវឌ្ឍយ៉ាងជឿនលឿននៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារងាយរងគ្រោះបំផុត។ ទីតាំងរបស់គម្រោងនេះ គឺស្ថិតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ។
ក្រុមការងាររួមរបស់ KOICA នឹងចុះទៅពិនិត្យទីតាំងគម្រោងសំខាន់ៗ ដែលស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើការត្រួតពិនិត្យស្ថានភាពនៃការអនុវត្ត និងផែនការសកម្មភាពរកឃើញនូវគន្លឹះសំខាន់ៗ របស់ក្រុមការងារការិយាល័យKOICA ប្រចាំនៅកម្ពុជា នឹងរាយការណ៍ជូនទៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីធ្វើការជ្រើសរើសគម្រោងអាទិភាពមួយ ដូចជា វិស័យអប់រំ កសិកម្ម អភិវឌ្ឍជនបទ និងសុខាភិបាល សម្រាប់អនុវត្តន៍នៅឆ្នាំ២០២១ ហើយប្រសិនបើគម្រោងនេះជាប់ ក្នុងការជ្រើសរើស គម្រោងនឹងត្រូវអនុវត្តន៍ នៅក្នុងប្រទេសកម្ពុជារយៈពេល៦០ខែ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលមានថវិកាសរុបប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក។
អភិបាលរងខេត្តប៉ៃលិន លោកហែម ឬទ្ធី រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តែងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា តាមរយៈការជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាង និងអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលនេះគឺជាការពង្រឹងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
លោកបន្តថា “តាមរយៈគម្រោងនេះ នឹងជួយរកទីផ្សារឱ្យកសិករជាកន្លែងផ្តល់ព័ត៌មានទាក់ទងអំពីរទីផ្សារ តម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញត្រូវការ និងជាកន្លែងណាត់ជួបរវាងអ្នកបរិភោគ ឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់ ជាពិសេសវានឹងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។
ខេត្តប៉ៃលិន មានផ្ទៃដីសរុប ១០៦២គីឡូម៉ែតការេ មានប្រជាជនចំនួន ៦៧៥៧៣នាក់ ក្នុងនោះស្រីចំនួន ៣៥០៤៦នាក់ ហើយវិស័យដែលមានសក្តានុពលបំផុតរបស់ខេត្ត គឺវិស័យកសិកម្ម និងទេសចរណ៍៕






