ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តនូវវិធានការជុំទី៧ ដើយធ្វើការលើកលែងការបង់ពន្ធអាជីវកម្មសេវាកម្ម និងទេសចរណ៍គ្រប់ប្រភេទរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយសម្រួល និងទ្រទ្រង់ដល់វិស័យទេសចរណ៍ឱ្យនៅរក្សាបានភាពល្អប្រសើរ។
បន្ទាប់ពីពិនិត្យ និងថ្លឹងថ្លែងទៅលើស្ថានភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទាំងក្នុងក្របខណ្ឌសកលលោក តំបន់ និងក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជុំទី៧ក្នុងគោលបំណងរក្សាលំនឹងអាជីវកម្មខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចក្រោយបញ្ចប់វិបត្តិមួយនេះ។
នៅក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដ្ឋាភិបាលបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែបន្ថែមទៀត រាប់គិតចាប់ពីខែមករារហូតដល់ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។
អាជីវកម្មទាំងអស់ដូចបានរៀបរាប់ខាងលើនេះ នៅតែបន្តមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម(E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃការលើកលែងការបង់ពន្ធនេះ។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានបន្តអនុវត្តការលើកលែងការបង់ពន្ធប៉ាតង់ និងពន្ធលើស្លាកយីហោ ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត។ អ្នកជាប់ពន្ធទាំងនេះ មានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពប៉ាតង់។
ដោយឡែកសម្រាប់អ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍រួមមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២០យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២១ ប៉ុន្តែមិនតម្រូវឱ្យបង់ពន្ធនោះទេ៕






