សេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ចាប់ផ្តើមងើបឡើងវិញ

0

សុខុម

គូឡាឡាំពួ: ការងើបវិញនៃសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានវាស់ស្ទង់តាមរយៈសន្ទស្សន៍ដ៏គួរឱ្យអបអរសាទរពីវិស័យលក់រាយ វិស័យទេសចរណ៍ និងទំនិញឧស្សាហកម្ម។ នេះបើយោងតាមគេហទំព័រ themalaysianreserve.com ចុះផ្សាយកាលពីថ្ងៃទី២២ ធ្នូ។

ឧបនាយករដ្ឋមន្រ្តី Arthur Joseph Kurup ថ្លែងទៅកាន់សភាជាន់ខ្ពស់របស់ម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទ ទី២១ ធ្នូថា វិស័យលក់រាយកំពុងចាប់ផ្ដើមងើបឡើងវិញជាលំដាប់។

លោកបន្ថែមថា អត្រាជួលសណ្ឋាគារទូទាំងប្រទេសបានកើនឡើង ២៣,៤% បន្ទាប់ពីបទបញ្ជាគ្រប់គ្រងការចល័តរបស់មនុស្សហៅកាត់ MCO ត្រូវបានដកចេញវិញ និងការធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយត្រូវបានអនុញ្ញាត។

លោកគូសបញ្ជាក់ថា តម្លៃប្រេងដូងឆៅបានឡើងដល់ ៣.៤២២ រីងហ្គីត (៨៤៣ ដុល្លារអាមេរិក) ក្នុងមួយតោនក្នុងខែវិច្ឆិកា ចំណែកឯតម្លៃជ័រកៅស៊ូក្រែបបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតដល់ ១,៥៦ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។

លោកថ្លែងបន្តថា “ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី នៅឆ្នាំនេះ។ GDP (ផលិតផលក្នុងស្រុកសរុប) បានធ្លាក់ចុះ ២,៧% ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០។ វិស័យសំខាន់ៗទាំងអស់នៃសេដ្ឋកិច្ចម៉ាឡេស៊ី បានរងផលប៉ះពាល់ និងធ្លាក់ចុះ ជាពិសេសវិស័យសេវាកម្មបានធ្លាក់ចុះ ៤% ផលិតកម្មធ្លាក់ចុះ ១២,៤% កសិកម្មធ្លាក់ចុះ ០,៧% និងរ៉ែ ធ្លាក់ចុះ ៦,៨%”។

លោកបានបន្តទៀតថា ការធ្លាក់ចុះភាគច្រើនបណ្ដាលមកពីការអនុវត្តបទបញ្ជាគ្រប់គ្រងការចល័តរបស់មនុស្សហៅកាត់ MCO។ លោកគូសបញ្ជាក់ថា “ទោះជាយ៉ាងណា ផលប៉ះពាល់ជាអវិជ្ជមានមកលើកំណើនសេដ្ឋកិច្ចគ្រាន់តែជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ ហើយរំពឹងថានឹងងើបឡើងវិញនៅឆ្នាំ ២០២១”។

GDP របស់ម៉ាឡេស៊ី ត្រូវបានរំពឹងថានឹងកើនឡើងចន្លោះពី ៦,៥% ទៅ ៧,៥% ក្នុងឆ្នាំ២០២១ ដោយសារស្ថានភាពល្អប្រសើរឡើងនៅក្នុងកំណើនសេដ្ឋកិច្ចសកលលោក និងពាណិជ្ជកម្មអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here