ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ក្រសួងចំនួន៣ បាន និងកំពុងបើកកិច្ចប្រជុំពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) ដើម្បីព្រៀងច្បាប់អនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្រ្ត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ។
លោកបានលើកឡើងអំពីនិន្នាការអន្តរជាតិ និងតំបន់ចំពោះការកំណត់ពន្ធលើផលិតផល និងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce)។
ជាមួយគ្នានេះលោកក៏បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅអំពីយន្តការ និងនីតិវិធីនៅក្នុងការប្រមូលពន្ធលើសេវាឌីជីថលក្នុងកម្រិតសកល និងតំបន់ ដោយនឹងសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនផងដែរ។
លោកសុខ សុភ័ក្ត្រ បានជំរុញឲ្យមានការសិក្សាអោយលម្អិតបំផុត ទាំងការប្រមូលទិន្នន័យសម្រាប់វិភាគ និងការវាយតម្លៃលើផលប៉ះពាល់ និងកាលានុវត្តភាពចេញពីការយកពន្ធលើសេវាឌីជីថលនេះ ដើម្បីធានាថា គោលនយោបាយប្រមូលពន្ធលើសេវាឌីជីថលនេះ ផ្តល់តម្លាភាព សមធម៌ និងតុល្យភាព ជូនក្រុមហ៊ុនឯកជនផ្តល់សេវាឌីជីថល អ្នកប្រើប្រាស់សេវាឌីជីថល និងស្ថាប័នអនុវត្តគោលនយោបាយនេះ ៕






