ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានប្រកាសចូលរួមគាំទ្រហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារអូស្ត្រាលី ដល់ប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ក្រោមកញ្ចប់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Chiho Kang នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្តែងនូវការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកបានជម្រាបជូនថា “រដ្ឋាភិបាលអូស្ត្រាលីសន្យា នឹងជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង និងកម្មវិធីនានាដែល កំពុងប្រតិបត្តិការនៅកម្ពុជាបន្តទៀត សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយគាំពាសង្គម និងធានាសមភាពក្នុងការទទួលបាននូវសេវាសង្គម ដល់ជនពិការ និងស្ត្រីងាយរងគ្រោះ”។
រដ្ឋាភិបាលអូស្ត្រាលី នឹងចូលរួមគាំទ្រហិរញ្ញប្បទាន មានទំហំទឹកប្រាក់៣០០លានដុល្លារអូស្ត្រាលី ដល់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជាផងដែរ ក្រោមកញ្ចប់ជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងន័យបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងការបញ្ឈប់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី តែងតែចូលរួមចំណែកជាមួយនឹងបណ្តាដៃតួអភិវឌ្ឍន៍នានា ជួយឧបត្ថម្ភគាំទ្រផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងនានា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេស លើវិស័យអប់រំ សុខាភិបាល កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចជាដើម៕






