ដោយគង់ សូរិយា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា កម្ពុជាមានភាពរីកចម្រើននិងអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយកំណើននៃតម្លៃដីធ្លីបច្ចុប្បន្ន បានបញ្ជាក់ពីភាពរ៉ឹងមាំនៃកំនើនសេដ្ឋកិច្ចកម្ពុជា។

ដោយគង់ សូរិយា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា កម្ពុជាមានភាពរីកចម្រើននិងអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយកំណើននៃតម្លៃដីធ្លីបច្ចុប្បន្ន បានបញ្ជាក់ពីភាពរ៉ឹងមាំនៃកំនើនសេដ្ឋកិច្ចកម្ពុជា។

រដ្ឋលេខាធិការក្រសួងដដែលនេះ លោកប៉ែន សុផល បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមរយៈគោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការគ្រប់គ្រងការអភិវឌ្ឍន៍ និងការប្រើប្រាស់ដី និងធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព ចីរភាព និងតុល្យភាព កម្ពុជាបានកំណត់ប៉ូលអភិវឌ្ឍន៍ជាតិរបស់ខ្លួន ទី១. រាជធានីភ្នំពេញ ទី២. ខេត្តសៀមរាប (ប៉ូលបីតិកភ័ណ្ឌជាតិ ) និងប៉ូលទី៣. តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានខេត្តជាប់សមុទ្រទាំងបួន។
លោកបន្តថា “បុច្ចុប្បន្នប៉ូលទាំងបីនេះកំពុងរីកចម្រើនខ្លាំង ហើយក្រសួងបានចាត់ទុកថា ខេត្តព្រះសីហនុ ដែលកំពុងមានការអភិវឌ្ឍខ្លាំងយ៉ាងគំហុក ជាតំបន់ក្បាលនាគនៃកម្ពុជា” ។ លោកបន្តថា “រាជធានីភ្នំពេញជាខ្លួននាគ និងកន្ទុយនាគ នៅភូមិភាគឥសាន្តនៃប្រទេស ដែលជាប៉ូលអភិវឌ្ឍន៍ទី៤ ដែលមានកំណត់នៅក្នុងគោលនយោបាយជាតិស្តីពី ការរៀបចំដែនដីផងដែរ ហើយប៉ូលទី៤នេះ ជាប៉ូល កសិឧស្សាហកម្ម និងទេសចរណ៍បែបធនធានធម្មជាតិ” ។
លោកប៉ែន សុផលបានបន្តថា តម្លៃដីធ្លី នៅក្នុងតំបន់ប៉ូលទាំងបី ដែលកំពុងតែរីកចម្រើននាពេលបច្ចុប្បន្ន ដូចជានៅភ្នំពេញ សៀមរាប និងខេត្តតាមជាប់ឆ្នេរសមុទ្រ អាចលក់បានមួយការ៉េ អាចដល់រយដុល្លារ រាប់ពាន់ដុល្លារ។ ក្នុងតម្លៃនេះបើប្រៀបធៀបទៅនឹងតម្លៃដីធ្លីកាលពីឆ្នាំ១៩៧៩ វាខុសគ្នារាប់រយ រាប់ពាន់ដង ដែលនេះបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងតែកើនឡើងខ្លាំង។
លោកបន្តថា “តំបន់ឆ្នេរមានតួនាទីសំខាន់ នៅក្នុងអក្ស័នៃការអភិវឌ្ឍន៍ របស់ប្រទេសទាំងនៅក្របខ័ណ្ឌអន្តរជាតិ ក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌជាតិ” ។
ការកើនឡើងតម្លៃដីធ្លី ដោយសារកត្តាជាច្រើន ប៉ុន្តែកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ពិតជាមិនអាចបដិសេធបាន។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានយល់ស្របនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ខាងលើ ដោយលោកបានមានប្រសាសន៍ថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយនេះហើយ ដែលធ្វើឲ្យរដ្ឋាភិបាលមានលទ្ឋភាពក្នុងការដាក់ចេញផែនការ គោលនយោបាយ ច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីជំរុញកំនើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។លោកបន្តថា ជាក់ស្តែងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំនើនជាមធ្យម៧,៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
លោកបន្តថា “នៅពេលសេដ្ឋកិច្ចរីកចម្រើន កំនើនប្រាក់ចំណូលប្រជាជនកើនឡើង កំនើនលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក៏បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យដីធ្លី និងសំណង់កើនឡើងជាស្វ័យប្រវត្តិ” ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា តម្លៃដីធ្លីនៅកម្ពុជាមានកំនើនជាមធ្យម៧ភាគរយ ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ ពិសេសរយៈពេល ១០ឆ្នាំខាងមុខ ការព្យាករណ៍នៅតែមានភាពវិជ្ជមាន ដោយតម្លៃដីធ្លីនឹងកើនប្រមាណ ៧ភាគរយបន្ថែមទៀតក្នុងមួយឆ្នាំ៕