ដោយៈ លក្ខិណា
ភ្នំពេញៈ ដោយសារតែការរីករាលដាលនៃជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោកទាំងមូល ការធ្វើពាណិជ្ជកម្មឆ្លងប្រទេស ក៏ជួបប្រទះនឹងបញ្ហាដែរ ជាក់ស្ដែងការនាំចូលរថយន្តមកចែកចាយ ក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានរាយការណ៍ថា ធ្លាក់ចុះប្រមាណ៣៥ភាគរយក្នុងឆ្នាំ២០២០នេះ។

លោកងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងជាសមាជិកនៃសមាគឧស្សាហកម្មយានយន្តនៅកម្ពុជាបានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យការនាំចូលរថយន្ត មកកាន់ទីផ្សារកម្ពុជាទាំងមូល ធ្លាក់ចុះប្រមាណ៣៥ភាគរយ ដោយសារតែការបញ្ជាទិញក្នុងស្រុកធ្លាក់ចុះដូចគ្នា។
លោកបន្តថា “ការធ្លាក់ចុះរហូតដល់៣៥ភាគរយនេះ ភាគច្រើនគឺធ្លាក់ទៅលើការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកពីក្រៅប្រទេស ដោយឡែកការនាំចូលរថយន្តថ្មីមកកាន់ប្រទេសកម្ពុជា ក៏មានការធ្លាក់ចុះដែរ តែក្នុងកម្រិតមួយទាបនៅឡើយ”។លោកបន្តថា “ជាក់ស្ដែងក្រុមហ៊ុនអ អិម ខេ ខេមបូឌា ដែលនាំចូលរថយន្តហ្វដ Land Rover និង Jaguar មានការធ្លាក់ចុះប្រមាណខ្ទង់១០ភាគរយ ក្នុងឆ្នាំ២០២០នេះ”។
យ៉ាងណាក្ដីនៅក្នុងឆ្នាំ ២០២១ខាងមុខនេះ លោករំពឹងថាទីផ្សាររថយន្តនៅកម្ពុជានឹងសន្ទុះងើបឡើងវិញ ដោយរំពឹងការរីករាលនៃជំងឺកូវីដ១៩នឹងត្រូវថមថយ ហើយសេដ្ឋកិច្ចនៃប្រទេសរងឥទ្ធិពលពីកូវីដ១៩ក៏នឹងងើបឡើងវិញ រួមទាំងកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក៏បានចេញសេចក្តីសម្រេចមួយ ក្នុងការដំឡើងពន្ធលើការនាំចូលរថយន្ត សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន ហើយក៏មានលក្ខខណ្ឌពិសេសមួយផងដែរ គឺហាមលក់ឬផ្ទេរកម្មសិទ្ធិមុនពេលចុះបញ្ជាធ្វើផ្លាកលេខ។
ក្នុងសេចក្ដីសម្រេចនោះ រដ្ឋាភិបាលសម្រេចបូកបន្ថែម៥ភាគរយ លើតម្លៃគិតពន្ធគយ គឺដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការនាំចូល ជាលក្ខណៈបុគ្គលិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លើរថយន្តថ្មីដែលជាប់សិទ្ធិផ្ដាច់មុខ លើការនាំចូលនិងចែកចាយក្នុងប្រទេសកម្ពុជា៕






