ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ត្រូវធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេ (CO FORM A) ដើម្បីបញ្ជាក់នូវដើមកំណើតទំនិញរបស់ខ្លួន ដែលនឹងត្រូវធ្វើការនាំចេញទៅកាន់ចក្រភពអង់គ្លេសដោយរួចពន្ធចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ។
តាមរយៈសេចក្តីជូនដំណឹងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានជូនព័ត៌មានអំពីការផ្តល់ការអនុគ្រោះពន្ធដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានប្រទេសអភិវឌ្ឍន៍តិចតូចផងដែរ។
សេចក្តីជូនដំណឹងបន្តថា ដើម្បីទទួលបាននូវការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស និងអនុលោមតាមប្រកាសលេខ ៣១៩៨ ពណ.ខកល ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈគេហទំព័រ https://co.moc.gov.kh និងប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ផលិតករ ឬអ្នកនាំចេញទាំងអស់ត្រូវរួសរាន់ធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ (CO FORM A) ដើម្បីបញ្ជាក់នូវដើមកំណើតទំនិញរបស់ខ្លួន។
តាមសេចក្តីណែនាំគោលការណ៍ និងនីតិវិធីសម្រាប់ការអនុវត្តការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញរបស់ក្រសួងពាណិជ្ជកម្ម ដដែលបានបន្តឲ្យដឹងទៀតថា នាយកដ្ឋាននាំចេញ-នាំចូល និងតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម មានភារកិច្ចត្រួតពិនិត្យ តាមដានការអនុវត្តអនុលោមភាពវិធានដើមកំណើតទំនិញ និងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទៅកាន់ចក្រភពអង់គ្លេស៕






