ដោយ ៖ វុត្ថា
ស៊ុយអែត ៖ រដ្ឋាភិបាលនៃប្រទេសស៊ុយអែត គ្រោងនឹងផ្តល់ប្រាក់កម្ចីរហូតដល់ ២ ពាន់លានដុល្លារដើម្បីជួយប្រទេសវៀតណាមសម្រាប់ការសាងសង់គម្រោងអាកាសយានដ្ឋាន Long Thanh International ក្នុងការប្រែក្លាយជាអាកាសយាសនដ្ឋានធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
គេហទំព័រ www.globalconstructionreview.com បានចុះផ្សាយកាលពីពេលថ្មីៗនេះថា កម្ចីនេះ នឹងត្រូវផ្តល់ជូនតាមរយៈសាជីវកម្មឥណទាននាំចេញរបស់ស៊ុយអែត ហើយថវិកានះនឹងពង្រីកសមត្ថភាពគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសវៀតណាមលើការចំណាយសម្រាប់ការសាងសង់អាកាសយានដ្ឋាន Long Thanh International និងស្ថានីយទី៣នៅក្នុងអាកាសយានដ្ឋាន Tan Son Nhat International ។
គេហទំព័រនេះបន្តថា គម្រោងសាងសង់អាកាសយានដ្ឋាន Long Thanh International នៅក្នុងដំណាក់កាលទី១នឹងត្រូវចំណាយ ១៤,៨ ពាន់លានដុល្លារដែលបានចាប់ផ្តើមនៅខែនេះ។ វិស័យសំណង់អាកាសយានដ្ឋានរបស់ប្រទេសវៀតណាមកំពុងតែមានការរីកចំរើនដោយសារប្រទេសនេះជាគោលដៅទេសចរណ៍ដ៏សំខាន់ ដែលកាលពីឆ្នាំមុនអ្នកទេសចរអន្តរជាតិចំនួន ១៦,៣លាននាក់បានមកដល់ប្រទេសនេះគឺកើនឡើង ១៥ ភាគរយបើធៀបនឹងឆ្នាំមុន។
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាមបានកំណត់គោលដៅពង្រីកសមត្ថភាពអាកាសយានដ្ឋានទាំង ២២ របស់ប្រទេសខ្លួនដើម្បីឱ្យទទួលបានភ្ញៀវទេសចរឱ្យដល់ ១០០ លាននាក់ តាមរយៈការអភិវឌ្ឍន៍អាកាសយានដ្ឋាន Long Thanh ថ្មី និងគ្រោងអភិវឌ្ឍនព្រលានយន្តហោះខ្នាតតូចនៅខេត្តពាយ័ព្យប្រទេស Lao Cai ដែលជាគោលដៅទេសចរណ៍ភាគខាងត្បូងនៃកោះ Phu Quoc និងតំំបន់ Chu Lai នៃខេត្ត Quang Nam និងអាកាសយានដ្ឋានភាគខាងជើង Van Don ។
ប្រទេសស៊ុយអែតមានទំនាក់ទំនងល្អជាមួយវៀតណាមចាប់តាំងពីឆ្នាំ១៩៦៩ និងធ្លាប់ជាម្ចាស់ជំនួយសម្រាប់គម្រោងលើកកម្ពស់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ការប្រឆាំងអំពើពុករលួយ តម្លាភាព និងសមភាពយេនឌ័រនៅក្នុងប្រទេសវៀតណាម៕






