ក្រុងឌូបៃ អនុម័តកញ្ចប់ថវិកាចំណាយ១៥,៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ ខណៈ សេដ្ឋកិច្ចមានសញ្ញាងើបឡើងវិញ

0

ដោយៈសុខុម

ឌូបៃ:  ក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានអនុម័តកញ្ចប់ថវិការហូតដល់ទៅ៥៧,១ពាន់លាន Dirham (១៥,៥៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២១ នៅពេលឃើញសញ្ញាថាសេដ្ឋកិច្ច នឹងងើបឡើងពីការធ្លាក់ចុះនៅឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់មេដឹកនាំក្រុងនេះកាលពីថ្ងៃអាទិត្យ ទី២៧ ធ្នូ។

សេចក្ដីថ្លែងការណ៍នេះ មិនបានផ្ដល់ការប្រៀបធៀបគ្នា ទៅនឹងការចំណាយជាក់ស្ដែងក្នុងឆ្នាំ២០២០នោះទេ ប៉ុន្តែបង្ហាញថា វាខ្ពស់ជាងតិចតួចបើធៀបនឹងតួលេខចំណា​យ៥៦,១៦ ពាន់លាន Dirham ដែលទីភ្នាក់ងារព័ត៌មានReuters បានដកស្រង់កាលពីខែសីហា។

ទោះជាយ៉ាងណា ទំហំកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២១ នេះទាបជាង១៤% បើធៀបទៅនឹងកញ្ចប់ថវិកា៦៦,៤ពាន់លានDirhams ដែលរដ្ឋាភិបាលបានគ្រោងទុកសម្រា​ប់ឆ្នាំ២០២០។ ភ្លាមៗក្រុមមន្ត្រីក្រុងឌូបៃ មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញរឿងនេះ។

កញ្ចប់ថវិកាចំណាយសម្រាប់ឆ្នាំនេះ បានរួមបញ្ចូលទាំងភាគលាភសេដ្ឋកិច្ច (economic dividend) ដែលបានពីពិព័រណ៍ក្រុងឌូបៃ ឆ្នាំ២០២០ (Expo 2020 Dubai) ជាព្រឹត្តិការណ៍រយៈពេល៦ខែ ដែលគ្រោងចាប់ផ្តើមក្នុងខែតុលា ប៉ុន្តែត្រូវបានពន្យារពេលមួយឆ្នាំដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

កញ្ចប់ថវិកាចំណាយសម្រាប់ឆ្នាំ២០២១ ដែលត្រូវបានអនុម័តដោយមេដឹកនាំក្រុងឌូបៃ Sheikh Mohammed bin Rashid Al Maktoum នេះបានគិតគូរពីស្ថានភាពសេដ្ឋកិច្ចនៃឆ្នាំសារពើពន្ធ២០២០ និងផលវិបាកនៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលជះមកលើសេដ្ឋកិច្ចសកលលោក។

ក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សម្បូរបែប និងជាគោលដៅទេសច​រណ៍ដ៏ពេញនិយ បានរងផលប៉ះពាល់ខ្លាំង ដោយសារវិធានការហាមពលរដ្ឋមិនឱ្យចេញក្រៅ និងការផ្អាកជើងហោះហើរកាលពីដើមឆ្នាំនេះ។  សេដ្ឋកិច្ចប្រទេសនេះ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ៦,២% ក្នុងឆ្នាំ២០២០ មុននឹងទទួលបានកំណើន៤% ក្នុងឆ្នាំ២០២១ ដោយសារតែការបន្តងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here