ដោយគង់ សូរិយា
ភ្នំពេញៈ ផ្លួវជាតិសំខាន់ៗចំនួន១០ខ្សែ បាននិងកំពុងស្ថាបនា និងកំពុងត្រៀមចាប់ផ្តើមសាងសង់ និងពង្រីកនាពេលខាងមុខនេះ ខណៈរដ្ឋាភិបាលបានចំណាយទុនចន្លោះពី៦០០ ទៅ៧០០លានដុល្លារលើការកសាងហេដ្ឋារចនាសម្ព័ន្ឋប្រចាំឆ្នាំ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីចុងសប្តាហ៍កន្លងមកថា បច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងសិក្សា និងស្ថាបនាផ្លូវជាតិជាច្រើន ដូចជាផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣៣ ផ្លួវជាតិលេខ៤១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ចេញពីក្រុងសៀមរាបឆ្ពោះទៅកាន់ព្រលានយន្តហោះថ្មី និងកំណាត់ផ្លូវជាតិពីស្គន់ ខេត្តកំពង់ចាម ទៅកាន់ក្រុងកំពង់ចាម ដោយត្រូវពង្រីកជាពីរគន្លង។
លើសពីនេះ រដ្ឋាភិបាលនឹងជួសជុលឡើងវិញនូវផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ក៏ស្ថិតក្នុងការសិក្សាដើម្បីពង្រីកផងដែរ និងផ្លូវជាតិលេខ១០ កំពុងសាងសង់ ពិសេសផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនក្នុងប្រវត្តិសាស្រ្តកម្ពុជា ក៏បាននិងកំពុងស្ថាបនាយ៉ាងសកម្មផងដែរ។
លោកវ៉ាស៊ីម សូរិយាបានបន្តថា ក្នុងមួយឆ្នាំរដ្ឋាភិបាលចំណាយទឹកប្រាក់ចន្លោះពី៤០០ទៅ៥០០ដុល្លារ ក្នុងការស្ថាបនា ពង្រីកផ្លូវជាតិថ្មីៗ និងចំណាយថវិកាចន្លោះពី១០០ទៅ២០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួសជុលផ្លូវជាតិនានានៅទូទាំងប្រទេស។
លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋជាសសៃឈាមនៃសេដ្ឋកិច្ចជាតិ វាប្រៀបដូចជាក្បាលរថភ្លើង ដើម្បីរុញសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើន ហេតុនេះទើបរដ្ឋាភិបាលត្រូវវិនិយោគច្រើនទាំងផ្លូវជាតិ ស្ពាន កំពង់ផែ ផែស្ងួតជាដើម”។លោកបន្តថា “ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច ត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជាអាទិភាព”៕






