អណ្ដូងប្រេងចំនួន២ទៀតបានជីកដល់ស្រទាប់ជម្រកប្រេងហើយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រៅពីការប្រកាសពីភាពជោគជ័យនៃប្រតិបត្តិការបូមប្រេងតំណក់ដំបូងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋាភិបាលបានប្រកាសពីលទ្ធផលធំៗនៃការជីកអណ្តូងប្រេងចំនួន២ទៀតដល់ស្រទាប់ជម្រកប្រេងជាស្ថាពរ។

បន្ទាប់ពីអណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ២០២០នេះ មានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ ហើយការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗរួមមាន៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិ នៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយ ដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៏ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូង ក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា ចាប់ពីដើមឆ្នាំ២០២១តទៅ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍ថា ចាប់ពីថ្ងៃនេះតទៅ កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយ ក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក ហើយការក្លាយខ្លួន ជាប្រទេសផលិតប្រេងនេះ គឺកូនខ្មែរសម័យតេជោ គួរមានមោទនភាព។
ការលើកឡើងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ធ្វើឡើងក្នុងសារលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ គឺការទទួលបានដំណក់ប្រេងលើកដំបូង។

លោក ស៊ុយ សែម បានលើកឡើងថា «ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះ ជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំងមូល ដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស បានទន្ទឹមរង់ចាំជាច្រើនជំនាន់មកហើយ។ ថ្ងៃនេះកម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរ ក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងពិភពលោកដែលកូនខ្មែរសម័យតេជោ គួរមានមោទនភាព»។
លោកបានបន្តថា ក្ដីស្រមៃជាយូរមកហើយបានក្លាយជាការពិត ក៏អាស្រ័យដោយសន្តិភាពយូរអង្វែង ដែលសម្ដេចតេជោបានកសាង និងថែរក្សាដោយយកជីវិតជាដើមទុន លើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្ត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់ និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកលើកឡើងទៀតថា ទោះជាវិស័យប្រេងកាត ដែលត្រូវការវិនិយោគខ្ពស់ហើយ ត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នា ក៏តួអង្គទាំងឡាយនៅក្នុងជោគជ័យថ្ងៃនេះ នៅតែជម្នះបានដោយក្ដីជឿជាក់ក្នុងចិត្ត និងក្នុងការដឹកនាំរបស់សម្ដេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដ៏លំបាកគំរាមកំហែង ដោយមេរោគរាតត្បាត កូវីដ-១៩ គឺជាសក្ខីភាពនៃការខំប្រឹងប្រែងអំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាល និងវិនិយោគិន ដែលគួរឲ្យកោតស្ញប់ស្ញែងបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here