ដោយស៊ីវ ម៉េង
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗចំនួន៥ បាននិងកំពុងជំរុញល្បឿននៃការអភិវឌ្ឍន៍ និងលើកស្ទួយសក្តានុពលក្នុងខេត្តកណ្តាល ខណៈខេត្តនេះមានការរីកចម្រើនរួចទៅហើយ។
គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥នោះបាន និងកំពុងដំណើរការសាងសង់ និងគ្រោងបញ្ចប់នាពេលខាងមុខជាបន្តបន្ទាប់។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី
គំរោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ គម្រោងនេះមានវិសាលភាពលើផ្ទៃដី២៦០០ហិកតា និងវិនិយោគទឹកប្រាក់១៥០០លានដុល្លារដោយក្រុមហ៊ុនOCIC។
ព្រលានយន្តហោះខ្នាតអន្តរជាតិនេះ បាននិងកំពុងពង្រីកការតភ្ជាប់ផ្លូវអាកាសកម្ពុជាទៅកាន់ពិភពលោកកាន់តែឆ្ងាយថែមទៀត ពិសេសព្រលាននេះមានសមត្ថភាពទទួលអ្នកដំណើរបាន៣០លាននាក់នៅឆ្នាំ២០៣០ និងទទួលអ្នកដំណើរបាន៥០លាននាក់នៅឆ្នាំ២០៥០ខាងមុខ។
ផ្លូវក្រវ៉ាត់ក្រុងទី៣
ផ្លូវដ៏សំខាន់ ដែលចំណាយលុយជិត៣០០លានដុល្លារក្នុងការសាងសង់នេះ កំពុងពង្រីកសក្តានុពលខេត្តកណ្តាល ដែលបាននិងកំពុងលើកកំពស់ជីវភាព ប្រជាពលរដ្ឋនៅជុំវិញតំបន់ជាប់ផ្លូវនេះ។ បច្ចុប្បន្នតម្លៃដីបានកើនឡើង១គុណនឹង៣ ទៅមួយគុណនឹង៥ ដោយដីស្រែពីមុន មានតម្លៃត្រឹម៥ទៅ១០ដុល្លារកាលពី៥ឆ្នាំមុន បច្ចុប្បន្នតម្លៃបានកើនឡើងចន្លោះពី១០០ ទៅ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉។
ផ្លូវជាតិក្រវ៉ាត់ក្រុងសំខាន់នេះ បានតភ្ជាប់ព័ទ្ឋជុំវិញរាជធានីភ្នំពេញដែលមានប្រវែងជាង៩០គីឡូម៉ែត្រ។
ផ្លូវក្រវ៉ាត់ក្រុងទី៤
ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ បាននិងកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដោយបច្ចុប្បន្នក្រុមហ៊ុនចិនកំពុងសិក្សាលំអិត ដែលផ្លូវនេះមានប្រវែងជិត២០០គីឡូម៉ែត្រ។ ផ្លូវនេះមានវិសាលភាព គ្របដណ្តប់ចន្លោះខេត្តកណ្តាល កំពង់ស្ពឺ និងមួយផ្នែកតភ្ជាប់ជាមួយខេត្តព្រៃវែងផងដែរ។
ផ្លូវជាតិលេខ២
ផ្លូវជាតិលេខ២ កំពុងពង្រីកនិងកែលំអរឡើងវិញយ៉ាងសកម្ម ដែលបានធ្វើឲ្យសកម្មភាពអភិវឌ្ឍន៍នៅជាប់បណ្តោយផ្លូវនេះ កើនឡើងយ៉ាងសកម្ម។ ផ្លូវជាតិលេខ២តភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា ខេត្តតាកែវជាខេត្តមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាសនានា។
ផ្លូវជាតិលេខ២ ស្ថាបនាឡើងវិញ ដោយទទួលបានហិរញ្ញប្បទានពិសេសពីសាធារណៈរដ្ឋកូរ៉េ។
ផ្លូវអាកាសវិនិយោគដោយក្រុមហ៊ុនOCIC
អគ្គនាយកក្រុមហ៊ុនOCIC អ្នកឧកញ៉ាពុង ឃាវសែបានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងសិក្សាលំអិត ដើម្បីសាងសង់ស្ពានអាកាសតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ លើប្រវែងជាង២០គីឡូម៉ែត្រ។
អ្នកឧកញ៉ាបានបន្តឲ្យដឹងថា គម្រោងសាងសង់ផ្លូវអាកាសនេះ គ្រោងវិនិយោគទឹកប្រាក់ប្រមាណ៤០០លានដុល្លារអាមេរិក៕






