សម្តេចតេជោៈកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅទូទាំងពិភពលោកក្នុងការ ទប់ស្កាត់ជំងឺកូវីដ១៩

ចែករំលែក

ដោយគង់ សូរិយា

        ភ្នំពេញៈ ជាមួយនឹងការកោតសរសើរជាថ្មីដល់ក្រសួង ស្ថាប័នពាក់ព័ន្ឋសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កាលមុនកម្ពុជាចាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩។

ជាមួយគ្នានេះសម្តេចតេជោបានកោតសរសើរ ដល់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់រថយន្ត ដល់ការដឹកជញ្ជូនពលករ ដើម្បីធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១ គឺការនាំចូល ទី២ គឺការឆ្លងក្នុងសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា និង ទី៣ គឺការព្យាបាលឱ្យជាសះស្បើយ។

សម្តេចតេជោបានថ្លែងថា “មនុស្សមួយចំនួនបានដៀមដាមឱ្យយើងថា ពេទ្យខ្មែរពូកែណាស់ ហេតុអ្វីក៏ទៅរកពេទ្យបរទេស តែគេត្រូវដឹងថាខ្មែរព្យាបាលអ្នកជំងឺកូវីដ ៣៦០នាក់ហើយជាសះស្បើយ ដែលភាគច្រើនជាជនបរទេស”។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមិនរារាំងជនបរទេស ឬជនជាតិអង់គ្លេសចូលមកកម្ពុជាទេ ប៉ុន្តែយើងត្រូវគ្រប់គ្រងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកនយោបាយដែលនិយាយថា «នាំកូវីដ១៩មកចម្លងដល់គណបក្សប្រជាជនកម្ពុជាឱ្យងាប់ទាំងអស់» តែពួកគេកុំភ្លេចថា នៅកម្ពុជាមិនមែនមានតែគណបក្សប្រជាជនទេ គឺគណបក្សផ្សេងៗ និងសាច់ញាតិរបស់គេដែរ។

សម្តេចតេជោហ៊ុន សែនបានថ្លែងរំលឹកថា ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោកមិនទាន់បិទបញ្ច​ប់ទេ៕

 


ចែករំលែក