ដោយៈ រ៉ាណេត
ភ្នំពេញៈ រហូតមកដល់ដំណាច់ឆ្នាំ២០២០នេះ អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ផ្នែកសេវាស្នាក់នៅរួមមានសណ្ឋាគារ និងផ្ទះសំណាក់តូចធំចំនួន១១៨ទីតាំង បានបន្តទទួលរងនូវផលប៉ះពាល់ដោយសារបញ្ហានៃវិបត្តិជំងឺកូវីដ១៩។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍នៅក្នុងឱកាសថ្លែងសារផ្ញើជូនជនរួមជាតិកម្ពុជា ពាក់ព័ន្ធទៅនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយសារតែបញ្ហានៃវិបត្តិជំងឺកូដជាសាកល រហូតមកដល់ពេលនេះសម្រាប់តែផ្នែកសណ្ឋាគារ និងផ្ទះសំណាក់ សរុបចំនួន១១៨ទីតាំងនៅបន្តព្យួរ ដែលប៉ះពាល់ដល់បុគ្គលិកសរុបប្រមាណ៩៤០៣នាក់។
សម្ដេចតេជោបានបញ្ជាក់ថា “ការផ្អាកអាជីវកម្មខាងលើនេះ បានប៉ះពាល់ដល់បុគ្គលិករហូតដល់៩៤០៣នាក់ ដូចដែលបានលើកឡើងខាងលើនេះ រាជរដ្ឋាភិបាលនៅបន្តជួយឧបត្ថម្ភថវិកាចំនួន៣ខែទៀត”។សម្តេចបន្តថា “សម្រាប់អ្នកដែលបាត់បង់ការងារនឹងទទួលបានថវិកា ពីរាជរដ្ឋាភិបាលកម្ពុជាចំនួន៤០ដុល្លារក្នុងម្នាក់ ដូចគ្នាទៅនឹងកម្មកររោងចក្រ សហគ្រាសដែលបាត់បង់ការងារដូចគ្នា ដោយចាប់អនុវត្តចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២១”។
ជាមួយគ្នានេះ សម្ដេចក៏បានលើកឡើងផងដែរថា ទឹកប្រាក់ចំណាយរបស់រដ្ឋាភិបាលសម្រាប់ជួយដល់នយោជិក ដែលបាត់បង់ការងារក្នុងវិស័យខាងលើនេះ មានទំហំប្រមាណ២០,២០ពាន់លានដុល្លារ។
ដោយឡែកសម្រាប់កម្មករ និយោជិត ដែលបាត់បង់ការងារដោយសាររោងចក្រដែលបានព្យួរចំនួន៤៤ទីតាំង ស្មើនឹងចំនួន១៤៥៧៨នាក់ ក៏នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់រយៈពេល៣ខែទៀតដូចគ្នា ដោយរាជរដ្ឋាភិបាលត្រូវផ្តល់៤០ដុល្លារក្នុងម្នាក់ សម្រាប់អ្នកដែលបាត់បង់ការងារ ហើយម្ចាស់រោងចក្រសហគ្រាសចំនួន៣០ដុល្លារ ដែលសរុបកម្មករម្នាក់ត្រូវទទួលបាន៧០ដុល្លារក្នុងម្នាក់៕






