ដោយៈសុខុម
ក្រុងព្រុចសែល: បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានផ្ដល់ការគាំទ្រផ្នែកនយោបាយ ដល់កិច្ចព្រមព្រៀងវិនិយោគរបស់ក្រុងព្រុចសែល ជាមួយប្រទេសចិន ដោយត្រួសត្រាយផ្លូវ ឈានទៅសម្រេចបានកិច្ចព្រមព្រៀងមួយ រវាងប្លុកសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ។

មន្ត្រីការទូតមួយរូបបានលើកឡើងថា នៅក្នុងកិច្ចប្រជុំនៃក្រុមមន្ត្រីការទូត ភាគីអាល្លឺម៉ង់ ដែលជាប្រធានឆ្លាស់វេនរបស់សហភាពអឺរ៉ុប បានធ្វើការកត់សម្គាល់ថា គ្មានប្រទេសជាសមាជិកណាមួយ “លើកសញ្ញារារាំងឡើយ ហេតុដូចនេះផ្លូវឆ្ពោះទៅរកការអនុម័តផ្នែកនយោបាយត្រូវបានត្រួសត្រាយហើយ” ។
មន្ត្រីការទូតបានធ្វើការកត់សម្គាល់អំពី “ស្ថានភាពវិវឌ្ឍន៍ជាវិជ្ជមានថ្មីៗនេះ” នៅក្នុងដំណើរការចរចា ដោយភាគីចិន បានសម្ដែងការព្រួយបារម្ភអំពី ការប្រើប្រាស់ពលកម្មដោយបង្ខំនៅកសិដ្ឋានរបស់ខ្លួន។
ស្ថានភាពវិវឌ្ឍន៍ចុងក្រោយនេះ បានកើតមានឡើង ក្រោយពីក្រសួងការបរទេសចិន បានលើកឡើងកាលពីសប្ដាហ៍មុនថា “ការចរចាបានឈានដល់ដំណាក់កាលចុងក្រោយហើយ” ។
មន្ត្រីការទូតមួយរូបទៀតបានលើកឡើងថា កិច្ចព្រមព្រៀងមួយ អាចនឹងត្រូវប្រកាសជាផ្លូវការនៅសប្ដាហ៍នេះ។
មន្ត្រីប្រេសិតជាន់ខ្ពស់រូបនោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “យើងត្រូវតែប្រយ័ត្នប្រយែង ប៉ុន្តែប្រទេសចិន បានព្រមព្រៀងរួចហើយ ដែលអាចនឹងមានការប្រកាសជាផ្លូវការពីក្រុងព្រុចសែល និងរដ្ឋាភិបាលក្រុងប៉េកាំង ត្រឹមដំណាច់សប្ដាហ៍នេះ” ។
នៅក្នុងកិច្ចប្រជុំ គ្មានប្រទេសជាសមាជិកណាមួយ ចេញមុខអន្តរាគមន៍រារាំងកិច្ចព្រមព្រៀងនេះឡើយ ប៉ុន្តែក្រោយមកឯកអគ្គរដ្ឋទូតប៉ូឡូញ Andrzej Sados បានលើកឡើងថា លោកបានសម្ដែងមន្ទិល ក្រោយពីភាគីអាល្លឺម៉ង់ ដាក់វាចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ។
កិច្ចព្រមព្រៀងនេះគឺជាការលើកកម្ពស់ និងពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរ មុនពេលប្រធានាធិបតី ទើបជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោកចូ បៃឌិន ចូលកាន់តំណែងជាផ្លូវការនៅខែមករា ឆ្នាំ២០២១ ។

ប្រធានាធិបតីជិតចប់អាណត្តិរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ប៉ុន្តែលោកចូ បៃឌិន ក៏បានសម្ដែងការព្រួយបារម្ភ អំពីចំណាត់ការរបស់សហភាពអឺរ៉ុប ដោយក្រុមរបស់លោកបានជំរុញឱ្យក្រុងព្រុចសែល ពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឱ្យបានល្អិតល្អន់ ដោយលើកឡើងថា ការពន្លឿនដំណើរការចរចាយ៉ាងតក់ក្រហល់ និងមិនសមហេតុផលទាក់ទិនបញ្ហាដ៏សំខាន់បែបនេះ ពិតជាបង្កការព្រួយបារម្ភដល់ទំនាក់ទំនងអន្តរជាតិ។
ប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេ របស់សហភាពអឺរ៉ុប និងជាប្រធានឆ្លាស់វេនរបស់ប្លុកនេះ រហូតដល់ដំណាច់ឆ្នាំនេះ បានយកបញ្ហាធ្វើយ៉ាង ណាសម្រេចឱ្យបានកិច្ចព្រមព្រៀងនេះ ជាការងារអាទិភាពរបស់ខ្លួន។

គណៈកម្មការអឺរ៉ុប ដែលជាផ្នែកប្រតិបត្តិរបស់សហភាពអឺរ៉ុប បានលើកឡើងកាលពីមុនបុណ្យណូអែលថា សេចក្ដីព្រាងនៃ “កិច្ចព្រមព្រៀងនយោបាយនេះ សម្រេចបាន ៩៥% ហើយ” ហើយត្រូវការតែការឱ្យភ្លើងខៀវពីក្រុងព្រុចសែលប៉ុណ្ណោះ៕






