ដោយៈវុត្ថា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរណ៍ស៊ីវិលបានអះអាងថា ក្រុមហ៊ុនវិស័យអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា នឹងបន្តហោះហើរឡើងវិញជាប្រក្រតីនៅប៉ុន្មានខែមុខទទៀត បន្ទាប់ពីពិភពលោក រួមជាមួយនឹងកម្ពុជាអាចទប់ស្កាត់ការរាត្បាតពីជំងឺកូវីដ១៩ ។
លោកខាន់ វណ្ណា អគ្គនាយកដ្ឋានបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិលបានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា នៅមុនការផ្ទុះឡើងនូវជំងឺកូវីដ១៩ មានការហោះហើរ និងប្រតិបត្តិការច្រើនទាំងក្រុមហ៊ុននៅក្នុងស្រុក និងមកពីក្រៅស្រុកចូលមកកម្ពុជា ប៉ុន្តែត្រូវបានផ្អាកបណ្តោះអាសន្នទៅវិញ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ ។
លោកបន្តថា “ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាមានចំនួន៦ក្រុមហ៊ុនកំពុងប្រតិបត្តិនៅក្នុងប្រទេស ហើយក្រុមហ៊ុនទាំង៦ នេះនឹងប្រតិបត្តិការហោះហើរឡើងវិញ នៅក្នុងរយៈពេលប៉ុន្មាខែខាងមុខទៀត បន្ទាប់ពីមានការទប់ស្កាត់ពីជំងឺកូវីដ១៩បាន១០០ភាគរយ” ។
លោកបន្ថែមថា វិស័យអាកាសចរណ៍វិស៊ីវិលកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ មានការរីកចំរើនគួរឱ្យកត់សម្គាល់ ដោយសាររាជរដ្ឋាភិបាលបានបើកចំហរគោលនយោបាយជើងមេឃ និងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ចិនធំៗ មកវិនិយោគលើអា កាសយានដ្ឋាននៅក្នុងប្រទេស និងមានក្រុមហ៊ុនអាកាសចរណ៍ មកបណ្តាក់ទុនវិនិយោគផងដែរ។ ជាពិសេសប្រទេសកម្ពុជា របស់យើងមានសក្តានុពលខ្ពស់ សំរាប់បំរើឱ្យវិស័យ ទេសចរណ៍ ។
ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងដែរថា វិស័យទេសចរណ៍ ពឹងផ្អែកលើភ្ញៀវមកពីក្រៅស្រុក ជាពិសេសមកពីប្រទេសចិន ហើយនៅពេលដែលមានប្រតិបត្តិការហោះហើរឡើងវិញ មិនថាក្រុហ៊ុនអាសកាសចរណ៍នៅក្នុងស្រុក និងក្រៅស្រុក វិស័យទេសចរណ៍មានសង្ឃឹមឡើងវិញ។
លោកស្រីបន្តថា “ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ វិស័យទេសចរណ៍កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសភ្ញៀវទេសចរបរទេស ដោយសារមានការបិទជើងហោះហើរមិនថាប្រទេសកម្ពុជា និងនៅក្នុងតំបន់ដោយសារព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩” ។
លោកស្រីឆាយ ស៊ីវលីន បានបន្តថា កត្តាមួយទៀតវាជាសញ្ញាល្អមួយដែរ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញវាក់សាំង និងពិភពលោក រកឃើងនូវថ្នាំវាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដែលនឹងធ្វើឱ្យសន្ទុះទេសចរណ៍នឹងងើបឡើងវិញ ព្រោះមនុស្សអាចធ្វើដំណើរ និងប្រទេសមួយចំនួនទៀតបើកចំហរប្រទេសឡើងវិញ៕