ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន៥ខ្សែកំពុងលើកកម្ពស់សក្ដានុពល និងកំណើន នៃការអភិវឌ្ឍខេត្តកំពង់ស្ពឺ

0

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យកាន់តែមានភាពល្អប្រសើរ សម្រាប់តែខេត្តកំពង់ស្ពឺ កំពុងត្រៀមខ្លួនទទួលយកនូវសមិទ្ធផលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធចំនួន៥ ដែលជាកត្តាសំខាន់ ជួយជំរុញឱ្យការអភិវឌ្ឍនៅក្នុងខេត្តមានភាពល្អប្រសើរ និងបង្កើនសក្ដានុពលកាន់តែខ្លាំងជាងបណ្តាខេត្តមួយចំនួន។

សមិទ្ធផលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធ ដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជាសំខាន់ៗប្រចាំនៅក្នុងខេត្តកំពង់ស្ពឺរួមមានចំនួន៥ ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងស្ដារនិងស្ថាបនាផ្លូវជាតិ៤១ គម្រោងអភិវឌ្ឍផ្លូវជាតិលេខ៤៤ គម្រោងពង្រីកផ្លូវជាតិលេខ៤ រួមជាមួយនឹងភាពល្អប្រសើរនៃសក្ដានុពល ក្នុងការវិនិយោគវិស័យអចលនទ្រព្យនៅផ្លូវជាតិលេខ៥១ គំរោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៣ និងបណ្តាផ្លូវជាតិសំខាន់ៗមួយចំនួនទៀត។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ ជាគម្រោងដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តន៍ក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលរដ្ឋនៅតែជាម្ចាស់កម្មសិទ្ធិ លើទីតាំងដីទាំងអស់ដែលបានធ្វើលទ្ធកម្មសម្រាប់គម្រោង ហើយក្រុមហ៊ុននឹងត្រូវប្រគល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ មកឱ្យជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ ក្រោយផុតរយៈពេលប្រតិបត្តិការ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសម្បទាន។

ការសាងសង់ផ្លូវល្បឿន លឿនសម្រេចបាន២៧ភាគរយហើយ ដោយការសាងសង់កំពុងមានដំណើរទៅមុខជាប្រចាំ ទោះបីមានវិបត្តិសកលអូសបន្លាយពេលយ៉ាងណាក្តី។

ការពង្រីកផ្លូវជាតិលេខ៣

        ផ្លូវជាតិលេខ៣ បាននិងកំពុងពង្រីកជាពីរគន្លង ប្រវែង១៤៨គីឡូម៉ែត្រ ដែលតភ្ជាប់់រវាងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកំពត ដែលផ្លូវនេះកំពុងស្ថាបនាយ៉ាងសកម្ម ដោយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២២ខាងមុខនេះ។

ផ្លូវនេះស្ថាបនាឡើងវិញក្រោមហិរញ្ញប្បទានរបស់សាធារណៈរដ្ឋកូរ៉េ ដែលផ្លូវនេះនឹងត្រូវពង្រីកជាពីរគន្លង និងមានសួនច្បារនៅចំកណ្តាល ចាប់ពីតំបន់ចោមចៅរហូតដល់តំបន់បាយគូស(ផ្លូវបំបែករវាងខេត្តកំពង និងខេត្តកែប) និងចាប់ពីចំណុចផ្លូវបំបែកបាយគូសទៅកាន់ខេត្តកំពត គឺត្រូវពង្រីកទំហំ១១ម៉ែត្រប៉ុណ្ណោះ។

គម្រោងស្ថាបនានិងលើកកំពស់ផ្លូវជាតិលេខ៤៤

កំណាត់ផ្លូវជាតិលេខ៤៤ មានប្រវែង១៣៩,៦១គឺឡូម៉ែត្រ។ ផ្លូវនេះកាត់ក្រុងច្បារមន និងស្រុកចំនួន៤ផ្សេងទៀតរួមមាន ស្រុកសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ។ ការស្ដារកំណាត់ផ្លូវជាតិលេខ៤៤នេះ បានចំណាយអស់៨០,៣០លានដុល្លារជាថវិកាកម្ចីឥណទានពីចិន និងប្រាក់បដិភាគរបស់រដ្ឋាភិបាលជាង៥,២លានដុល្លារអាមេរិក។ បច្ចុប្បន្ននៅតំបន់ផ្លូវជាតិលេខ៤៤ កំពុងតែមានភាពទាក់ទាញការវិនិយោគ និងសាងសង់សំណង់បម្រើឱ្យវិស័យឧស្សាហកម្ម រួមជាមួយនឹងសកម្មភាពនៃការអភិវឌ្ឍន៍ជាដីឡូតិ៍សម្រាប់លំនៅដ្ឋានដាច់ដោយឡែកផងដែរ ខណៈដែលគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសក៏ចាប់ផ្តើមបង្ហាញខ្លួន។

គម្រោងពង្រីកផ្លូវជាតិលេខ៤

តាមផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងលើកម្ពស់ផ្លូវជាតិលេខ៤នេះ ចាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដោយពង្រីកឱ្យដល់១១ម៉ែត្រ បន្ថែមទៀត ដែលទទួលបានហិរញ្ញប្បទាន ពីធនាគារពិភពលោកក្នុងទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។

គម្រោងស្ថាបនាផ្លូវជាតិលេខ៥១

ផ្លូវជាតិលេខ៥១តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំនុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ត្រង់ចំនុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ បច្ចុប្បន្ន ផ្លូវជាតិមួយខ្សែនេះ កំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យដីធ្លី។

កំណើននៃទិញលក់ក្នុងវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះដោយសារផ្លូវនេះនឹងក្លាយជាផ្លូវយុទ្ធសាស្ត្រមួយ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here