លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង៣៤ខ្សែ នៅខេត្តព្រះសីហនុ

0

        ដោយគង់ ម៉ាលីន

ព្រះសីហនុៈលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា (គ.អ.ឆ.ក)និងមន្រ្តីពាក់ព័ន្ឋ បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ។

ការចុះពិនិត្យវឌ្ឍនភាពការងារ ស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ របស់លោកឧបនា​យករដ្ឋមន្រ្តី នៅខេត្តព្រះសីហនុ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ធ្នូនេះ។

គិតមកដល់បច្ចុប្បន្ន ការងារចាក់បេតុងផ្លូវសម្រេចបាន១០០ភាគរយហើយ និងឈានដល់ដំណាក់កាលអ៊ុតកៅស៊ូបេទីម កម្រាស់៧០មីលីម៉ែត្របានប្រមាណ២១% និង​​បន្តបង្ហើយការងារស្ថាបនាស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ការងារក្រាលកម្រា​លថ្មក្រានីត ការងារដំឡើងស្លាកសញ្ញាចរាចរណ៍ ដំឡើងកាមេរ៉ាសុវត្ថិភាព ភ្លើងស្តុបចរា​ចរណ៍ បន្ទប់ទឹកសាធារណៈ ដាំដើមឈើ និងពិនិត្យលទ្ធភាព តភ្ជាប់ផ្លូវប្របឆ្នេរអូរឈើទា​លកាត់តាមពយតាមូង។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវបានធ្វើពិធីបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ទទួលសាងសង់ ដោយត្រូវចំណាយទុនប្រមាណ២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណីត ដោយចែកចេញជា ៣ប្រភេទគឺ ទី១ ប្រភេទមហាវិថី ទី២ ផ្លូវប្រភេទវិថី និងទី៣ អនុវិថី។ ចំពោះមហាវិថីមានចំនួន៣ខ្សែ គឺមានទទឹងផ្លូវរហូតដល់ទៅ៥០ម៉ែត្រ។ វិថីវិញ គឺមានទទឹងពី២០ ទៅ៤០ម៉ែត្រ រីឯប្រភេទបែបអនុវិថីវិញ គឺមានទទឹងពី៨ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ(សម្រាប់អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរាចរណ៍ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កាមេរ៉ាសុវត្តិភាពតាមដងផ្លូវផងដែរ។

គម្រោងនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here