កម្ពុជាគ្រោងភ្ជាប់បណ្តាញទូរគមនាគមន៍នៅពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់ការប្រកួត SEA Games លើកទី៣២

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ខណៈពេលដែលលទ្ធផលនៃការសាងសង់បានសម្រេចប្រមាណ៩០ភាគរយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គ្រោងនឹងរៀបចំធ្វើការតភ្ជាប់បណ្តាញទូរគមនាគមន៍ទៅកាន់ពហុកីឡដ្ឋានជាតិមរកតតេជោក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីត្រៀមការប្រកួត SEA Games លើកទី៣២ នៅឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០បានដឹកនាំមន្ត្រី និងអ្នកបច្ចេកទេសក្រសួងទៅទស្សនកិច្ចនៅការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា “ក្រុមមន្ត្រីជំនាញកំពុងសិក្សា និងស្វែងយល់បន្ថែមពីតម្រូវការនៃការតភ្ជាប់បណ្តាញទូរគមនាគមន៍នៅទីតាំងពហុកីឡដ្ឋាន អគាររដ្ឋបាល ភូមិកីឡា និងបរិវេណជុំវិញ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសិក្សារួមគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការសាងសង់ ដើម្បីតភ្ជាប់ខ្សែកាប្លិ៍អុបទិក ប្រព័ន្ធចែកចាយ សេវាអ៊ីនធឺណិត សេវាទូរសព្ទ បំពាក់កាម៉េរាសុវត្ថិភាព និងបច្ចេកវិទ្យាឌីជីថលផ្សេងៗឱ្យគ្រប់គ្រាន់”។

លោកបញ្ជាក់ថា “គ្រប់ការតភ្ជាប់ និងបំពាក់បណ្តាញសម្ភារៈទូរគមនាគមន៍គឺសម្រាប់បម្រើ និងផ្តល់ភាពងាយស្រួលដល់អ្នកទស្សនា និងផ្សព្វផ្សាយការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games)លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ”។

ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងចំណាយការសាងសង់សរុបទាំងអស់ជិត១៦០លានដុល្លារអាមេរិក គឺជាជំនួយឥតសំណងទាំងស្រុងរបស់សាធារណរដ្ឋប្រជាមានិតចិនដែលអាចផ្ទុកអ្នកទស្សនាប្រមាណ៦ម៉ឺននាក់ក្រោយពេលសាងសង់រួចរាល់។

បន្ទាប់ពីសាងសង់សំណង់រឹងស្ទើររួចរាល់ ១០០% បច្ចុប្បន្នក្រុមការងារសាងសង់ កំពុងមមាញឹកក្នុងការបំពាក់ដំបូល ដោយសម្រេចបានលទ្ធផលប្រមាណ ៧០% និងជញ្ជាំង ដែលរំលេចនូវផ្ការំដួល បានសម្រេចលទ្ធផលប្រមាណជាង ៩០%។ រីឯការតុបតែងបន្ទប់ និងការសាងសង់ទីលានស្មៅធម្មជាតិ ក៏ដូចជាទីលានរត់អត្តពលកម្មវិញ ក៏កំពុងដំណើរការសាងសង់ជាបន្ដបន្ទាប់ផងដែរ។

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏ធំសម្បើម ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គឺសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here