រដ្ឋាភិបាលកម្ពុជាសន្យាថានឹងតភ្ជាប់កំណាត់ផ្លូវដែកពីរាជធានីភ្នំពេញ-ខេត្តពោធិ៍សាត់ ដែលមានប្រវែង១៦៦គីឡូម៉ែត្រ នៅដើមខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង៣៨៦គីឡូម៉ែត្រ។
ថ្លែងនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន កំណាត់ផ្លូវដែកពីបាត់ដំបង-ពោធិ៍សាត់ មានប្រវែង ១០៧គីឡូម៉ែត្រ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសន្យាជាមួយប្រជាពលរដ្ឋថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នឹងមានការតភ្ជាប់ផ្លូវដែក កំណាត់ចុងក្រោយពីពោធិ៍សាត់ ទៅដល់ភ្នំពេញតែម្ដង ដែលមានប្រវែង១៦៦គីឡូម៉ែត្រ នេះជាកំណាត់ចុងក្រោយ នៃការស្ដារឡើងវិញផ្លូវដែកប៉ែកខាងជើង។
លោកទេសរដ្ឋមន្ដ្រី ថា កំណាត់ផ្លូវដែកពីរាជធានីភ្នំពេញ មកប៉ោយប៉ែត គឺមានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ប៉ុន្ដែបច្ចុប្បន្ននេះនៅសល់១៦៦គីឡូម៉ែត្រទៀត ដែលមិនទាន់ភ្ជាប់ និងដាក់ឲ្យដំណើរការជាផ្លូវការនៅឡើយទេ។
ការដាក់ឱ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។ លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ។