ដោយៈវុត្ថា
ភ្នំពេញៈ ការចុះបញ្ជីពាណិជ្ជកម្ម និងលទ្ធផលនៃបញ្ចីចុះឈ្មោះពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចទីផ្សារ ដោយបានផ្ដល់ឲ្យអាជីវកម្ម មានសុពលភាពស្របច្បាប់ អាចជឿទុកចិត្តបាន និងទទួលបានព័ត៌មានថ្មីៗពីអាជីវកម្ម និងមុខងារក្នុងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។
នៅប្រទេសកម្ពុជា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម កំពុងមានការរីកចម្រើន ក្នុងការកែលំអរ និងធ្វើឲ្យមានលក្ខណៈប្រសើរឡើង។ ភាពស្មុគស្មាញមួយចំនួននៃការចុះបញ្ជីក្រុមហ៊ុន ត្រូវបានលុបបំបាត់ ឬត្រូវបានធ្វើឲ្យមានភាពងាយស្រួល សម្រាប់ការចុះបញ្ជីក្រុមហ៊ុន។
ការចុះបញ្ជីពាណិជ្ជកម្ម ជាជំហ៊ានមួយដែលបានធ្វើឡើង ដោយម្ចាស់ក្រុមហ៊ុនដើម្បីបង្កើតអាជីវកម្មមួយ ឲ្យមានលក្ខណៈជានីតិបុគ្គល ដោយអនុវត្តតាមនីតិវិធីជាលក្ខណៈស្ដង់ដារ ដែលអាជីវកម្មទាំងអស់ត្រូវតែបំពេញ។ ការចុះបញ្ជីពាណិជ្ជកម្ម គ្របដណ្ដប់ទាំងការបង្កើតអាជីវកម្មថ្មី និងការកែប្រែក្រុមហ៊ុន ដែលមានស្រាប់ជាលក្ខណៈផ្លូវការ ដូចជាការផ្លាស់ប្ដូរទីតាំងអាជីវកម្ម ការផ្លាស់ប្ដូររចនាសម្ព័ន្ធម្ចាស់ក្រុមហ៊ុន និងការរំលាយក្រុមហ៊ុន។
សកម្មភាពនៃការចុះបញ្ជីអាជីវកម្ម ទៅក្នុងបញ្ជីឈ្មោះពាណិជ្ជកម្ម មានន័យថាព័ត៌មាន ដែលមានសុពលភាពស្របតាមផ្លូវច្បាប់ គឺអាចប្រើប្រាស់បានជាប្រយោជន៍ទៅលើសកម្មភាពពាណិជ្ជកម្ម ហើយក៏អាចស្វែងរកបានផងដែរ តាមរយៈបញ្ជីឈ្មោះពាណិជ្ជក ម្ម។ការចុះបញ្ជីពាណិជ្ជកម្ម ត្រូវបានចាត់ទុកថាជាឧបករណ៍ សម្រាប់វាស់ស្ទង់អំពីស្ដង់ដារនិងការអនុវត្តអភិបាលកិច្ចល្អ រួមទាំងសិទ្ធិ កាតព្វកិច្ច និងកាលានុវត្តភាពសម្រាប់ធ្វើអាជីវកម្ម។
ទាំងវិស័យឯកជន និងវិស័យសាធារណៈ ដោយរួមបញ្ជូលទាំងសាធារណៈជនទូទៅ ទទួលបានផលប្រយោជន៍យ៉ាងច្រើន ក្នុងទីផ្សារពីការចុះបញ្ជីពាណិជ្ជកម្ម រួមមាន ទាក់ទងដល់ការបើកច្រកទីផ្សារ និងការអភិវឌ្ឍសហគ្រាស ទាក់ទងដល់សហគមន៍អាជីវកម្ម និង ទាក់ទងដល់សាធារណៈជនទូទៅ៕