ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាសង់សំណង់គ្រប់ប្រភេទលើកលែងតែប្រភេទសំណង់ដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក ដើម្បីលើកម្ពស់គុណភាពសំណង់ បង្កើនជំនឿទុកចិត្តរបស់វិនិយោគិន រួមទាំងអ្នកអភិវឌ្ឍក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។
នៅក្នុងអនុក្រឹត្យដែលត្រូវបានផ្សព្វផ្សាយនៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានចំនួន២០ទំព័រ ១២ជំពូក និង៥៤មាត្រា បានបញ្ជាក់យ៉ាងលម្អិតទៅលើសមត្ថកិច្ចនៃការគ្រប់គ្រង ការអនុញ្ញាត និងការសម្រេចផ្សេងៗពាក់ព័ន្ធទៅនឹងសកម្មភាពនៃការសាងសង់ និងអភិវឌ្ឍសំណង់ផ្សេងគ្រប់ប្រភេទដែលស្ថិតនៅក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី។
នៅក្នុងអនុក្រឹត្យបានបញ្ជាក់ពីបទប្បញ្ញត្តិទូទៅ ស្ថិតនៅក្នុងមាត្រា១បានកំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធី ក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ លិខិតអនុញ្ញាតបើកការដ្ឋាន និងលិខិតបន្តសុពលភាព ដើម្បីធានាបាននូវគុណភាព សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន។
ធានាដល់ការសាងសង់ ឬរុះរើឱ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់ ដើម្បីរក្សាសោភ័ណភាព បរិស្ថានល្អ និងសណ្ដាប់សាធារណៈ។
ជាមួយគ្នានេះ អនុក្រឹត្យក៏បានសង្កត់ធ្ងន់ទៅលើសមត្ថកិច្ចនៃការការពារដីសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ធានាគុណភាព និងភាពត្រឹមត្រូវនៃការរៀបចំដែនដីនគរូបនីយកម្ម បង្ការ និងទប់ស្កាត់វិវាទក្នុងការងារសាងសង់ ឬរុះរើ ដើម្បីបង្កើនជំនឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម៕






